ក្រុមហ៊ុន Google សន្យាផ្តល់ប្រាក់ 25 លានដុល្លារដើម្បីលើកកម្ពស់អំណាចស្ត្រី និងកុមារី

បរទេស៖ ក្រុមហ៊ុន Google កំពុងសន្យាផ្តល់ជំនួយ 25 លានដុល្លារដល់អង្គការមិនរកប្រាក់ចំណេញដើម្បីដោះស្រាយវិសមភាពសេដ្ឋកិច្ចដែលស្ត្រី និងកុមារីប្រឈមដូចជា កម្មវិធីលើគេហទំព័រ Google.org ដើម្បីសិក្សាលើបញ្ហាប្រឈមនៃផលប៉ះពាល់នានា។

កម្មវិធីសិក្សាបញ្ហាប្រឈមនៃផលប៉ះពាល់ គឺជាកម្មវិធីមួយរបស់ក្រុមហ៊ុន Google ក្នុងការផ្តល់ប្រាក់និងការគាំទ្រដល់អង្គការមិនស្វែងរកប្រាក់ចំណេញជាមួយនឹងគំនិតសម្រាប់ធ្វើការឆ្ពោះទៅរកការដោះស្រាយបញ្ហា។ ផលប៉ះពាល់កន្លងមកបានគ្របដណ្តប់លើប្រធានបទដូចជា បញ្ញាសិប្បនិម្មិត (AI) និងការប្រែប្រួលអាកាសធាតុ។

នៅក្នុងអត្ថបទចុះផ្សាយកាលពីថ្ងៃច័ន្ទដែលត្រូវជាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានអំពាវនាវឱ្យមានការផ្តួចផ្តើមគំនិតផ្ដោតសប្បុរសធម៌ ដែលផ្ដោតសំខាន់ពី “ឧបសគ្គចំពោះសមភាពសេដ្ឋកិច្ច” ទៅ “ការបណ្ដុះសហគ្រិនភាព”វិញ។

អ្នកស្រី Jacquelline Fuller ប្រធានគេហទំព័រសប្បុរសធម៌របស់ Google គឺ Google.org បាននិយាយថា “ស្ត្រី និងបុរសនៅតែឈរជើងមិនស្មើគ្នា ហើយវិសមភាពទាំងនេះកាន់តែអាក្រក់ទៅៗ បន្ទាប់ពីមានការរីករាលដាលនៃវីរុសកូវីដ 19”។ យោងតាមមជ្ឈមណ្ឌលច្បាប់ស្ត្រីជាតិវិញនោះ អ្នកស្រី Fuller បានដកស្រង់ស្ថិតិដែលបង្ហាញថាគ្រាន់តែស្ត្រីនៅសហរដ្ឋអាមេរិកតែមួយនោះបានបាត់បង់ការងារជាង 5,4 លាននាក់ក្នុងឆ្នាំ 2020។

ចាប់តាំងពីជំងឺរាតត្បាតកូវីដ 19 ឆ្លងរាលដាលមក អង្គការដទៃទៀតក៏បានបង្ហាញកង្វល់នៃការបាត់បង់ជំហររបស់ស្រ្តី។ របាយការណ៍ក្នុងខែកញ្ញាពីក្រុមហ៊ុន McKinsey & Company បានព្រមានថា ជំងឺរាតត្បាតនេះអាចនឹងធ្វើឱ្យការវិវឌ្ឍរបស់ស្រ្តីនៅកន្លែងធ្វើការមានការថយចុះដល់ទៅ 6 ឆ្នាំវិញ។

ជាមួយគ្នានេះផងដែរ អ្នកដាក់ពាក្យសុំនឹងត្រូវបានវិនិច្ឆ័យដោយគណៈកម្មាធិការរួមមាន ក្រុមយុវជននិពន្ធអាមេរិក Laureate Amanda Gorman ប្រធានមន្រ្តីភាពចម្រុះរបស់ Google អ្នកស្រី Melonie Parker និងតន្ត្រីការិនី Shakira។ល។

ថ្ងៃផុតកំណត់នៃការដាក់ពាក្យសុំគឺថ្ងៃទី 9 ខែមេសា ហើយអ្នកទទួលជំនួយអាចទទួលបានចន្លោះពី 30 ម៉ឺនទៅ 2 លានដុល្លារ ក៏ដូចជាការគាំទ្រមិនមែនជារូបិយវត្ថុ ដូចជា ការណែនាំបង្ហាញពី Google ជាដើម៕

ប្រភព៖ CNET