
រាជធានីភ្នំពេញ៖ ថ្មីៗនេះ ក្រុមហ៊ុន HMD Global បានប្រកាសដាក់ចេញនូវទូរស័ព្ទ Nokia 230 ជាមួយនឹងជម្រើសពណ៌ថ្មី 2 ទៀត គឺពណ៌ខៀវចាស និងពណ៌ប្រផេះ បន្ថែមពីលើពណ៌ទឹកប្រាក់ និងពណ៌ខ្មៅសម្រាប់ផ្គាប់ចិត្តអ្នកប្រើប្រាស់កម្ពុជា ដែលនិយមចង់បានទូរស័ព្ទប្រភេទប៉ូតុងចុច។
Nokia 230 ជាទូរស័ព្ទស៊ឹម 2 លើការរចនារូបរាងយ៉ាងស្រស់ស្អាត ជាមួយនឹងសំបកផលិតឡើងពីអាលុយមីញូមមានភាពរឹងមាំ និងងាយស្រួលកាន់ប្រើ។ ទូរស័ព្ទនេះមានអេក្រង់ទំហំ 2.8 អ៊ីង ប្រភេទ TFT 65K Colors និងមានកាមេរ៉ាមុខក្រោយទំហំ 2MP ដូចគ្នា អមជាមួយនឹងភ្លើង LED Flash អាចថតពេលយប់បានច្បាស់ល្អមួយកម្រិត។ ចំពោះសមត្ថភាពដំណើរការ Nokia 230 បំពាក់នូវ Ram ទំហំ 16MP មានរន្ធដាក់ SD Card បានរហូត 32GB មានថាមពលថ្ម 1200 mAh អាចបើកទុកវាចោលរហូតបានដល់ទៅ 22 ថ្ងៃ និងអាចនិយាយបានរហូតដល់ទៅ 23 ម៉ោងឯណោះ។
ក្រៅពីសមត្ថភាពខាងលើ វាក៏មានមុខងារពិសេសមួយចំនួនទៀត ដូចជា អាចមានលទ្ធភាពអាចកត់លេខទូរស័ព្ទបានរហូតដល់ទៅ 1000 លេខ មានវិទ្យុ ហើយអាចថតសំឡេងនៅពេលដែលកំពុងនិយាយទូរស័ព្ទបានយ៉ាងច្បាស់ល្អ រួមនឹងមាន Bluetooth 3.0 កម្មវិធី Opera Mini web browser ហើយលោកអ្នកប្រើប្រាស់ Facebook ឬ Email នៅលើទូរស័ព្ទនេះបានផងដែរ។ មួយវិញទៀត លោកអ្នកក៏អាចទាញយក និងលេងហ្គេមជាច្រើនពី Gameloft ឥតគិតថ្លៃ ព្រមនឹងកម្មវិធីយ៉ាងសម្បូរបែបទៀតលើ Opera Store។
សម្រាប់ទូរស័ព្ទ Nokia 230 ប្រិយមិត្តអាចរកទិញបាននៅតាមហាងលក់ទូរស័ព្ទទូទាំងប្រទេសកម្ពុជា ក្នុងតម្លៃប្រមាណ 58ដុល្លារប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខ 012879 707៕