ស្មាតហ្វូនស៊េរីរបស់ Sony ត្រៀមបង្ហាញខ្លួននៅថ្ងៃចូលឆ្នាំខ្មែរ

ទោះបីជាជំនួញស្មាតហ្វូនមិនសូវកាក់កប់ដូចគេ ប៉ុន្តែក្រុមហ៊ុនជប៉ុន Sony នៅតែរក្សាជំហ៊រមិនបោះបង់ដូច LG ឡើយ ដោយថ្មីៗនេះ ក្រុមហ៊ុនបានប្រកាសពីការដាក់ចេញនូវស្មាតហ្វូនស៊េរីថ្មីត្រកូល Xperia នៅក្នុងថ្ងៃទី 14 មេសា ត្រូវនឹងថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ។

ការដាក់ចេញស្មាតហ្វូនត្រកូល Xperia នេះ ត្រូវបានក្រុមហ៊ុនធ្វើឡើងយូរជាងមុនពីរខែ ខណៈកាលពីឆ្នាំទៅក្រុមហ៊ុនបានដាក់ចេញនៅខែកុម្ភៈ ប៉ុន្តែឆ្នាំនេះត្រូវលើកមកខែមេសា វិញ។ ព្រឹត្តិការណ៍បង្ហាញទូរស័ព្ទថ្មីនេះ Sony មិនទាន់បញ្ជាក់នៅឡើយទេ ថាវាជាព្រឹត្តិការណ៍អនឡាញ ឬយ៉ាងណានោះ ខណៈស្ថានភាពកូវីដ នៅមិនទាន់ថមថយ។

ចំពោះការប្រកាសនេះ ត្រូវបានគេរំពឹងទុកថា វាគ្មានអ្វីក្រៅពី Xperia 1 III នោះទេ ហើយស្មាតហ្វូននេះទៀតសោធន៍អាចនឹងបំពាក់នូវអេក្រង់ OLED ទំហំ 6.5 អ៊ីញ ប្រភេទ CinemaWide មានកម្រិតបង្ហាញ 4K និងនៅតែបន្តប្រើកម្រិតសមមាត្រ 21:9។ ចំពោះផ្នែកកាមេរ៉ា ត្រូវគេនិយាយថា Sony ក៏អាចនឹងកែប្រែបន្តិច ទៅលើកញ្ចប់កាមេរ៉ាខាងក្រោយ ដោយងៀកមកប្រើកាមេរ៉ា 4 គ្រាប់ ដែលជាសហការជាមួយ ZEISS វិញ៕