
ក្រុមហ៊ុន OPPO បានធ្វើការប្រកាសចេញ វត្តមានទូរសព្ទ ជំនាន់ថ្មីមួយម៉ូឌែល អោយគ្រប់គ្នាបានឃើញ ជាផ្លូវ
ការ នោះគឺ OPPO Find X ដែលវាជាស្មាតហ្វូន អេក្រង់លាតទ្រវែង និងគ្មានរំលេច ថ្ងាសឆកឡើយ។ អ្វីដែលកាន់តែ ពិសេសជាងគេ គឺថាស្មាតហ្វូននេះ មានប្រើប្រាស់ បច្ចេកវិទ្យាទំនើប លាក់កាមេរ៉ាខាងក្រោយ ដោយនៅពេល ប្រើប្រាស់ ទើបកាមេរ៉ា នោះលៀន ចេញមកក្រៅ។
យ៉ាងណាមិញ ស្រាប់តែខាងក្រុមហ៊ុន OPPO បានបង្ហាញស្មាតហ្វូន Find X បែប Edition ថ្មីមកមួយទៀត ក្រោមភាពជាដៃគូ ជាមួយក្រុមហ៊ុន Lamborghini ដែលជាយីហោ ផលិតរថយន្តប្រណិត មក ពីអ៊ីតាលី ដោយស្មាតហ្វូននោះដែរ មានឈ្មោះថា OPPO Find X Lamborghini Edition មានអមមកននូវ LOGO ម៉ាកឡាន នៅផ្នែកខាងក្រោយផងដែរ។ ចំពោះលក្ខណៈសម្បត្តិ របស់ទូរសព្ទនេះ គឺមានចំនុចមួយចំនួន ដូចគ្នាទៅនឹង Find X ធម្មតា ហើយក៏មានចំនុចខ្លះ ប្រសើរជាង និងខ្សោយជាង ផងដែរ។ OPPO Find X Lamborghini Edition ត្រូវបានបំពាកអេក្រង់ លាតទ្រវែង 93% ស្ទើរអស់គែម ជាមួយទំហំ 6.42 អ៊ីញ និងមានសមត្ថភាព កាមេរ៉ាដូចមុន ដដែល។ វានៅប្រើប្រាស់ឈីប Snapdragon 845, RAM ទំហំ 8GB ដូចគ្នា ប៉ុន្តែមានទំហំអង្គចងចាំ លោតដល់ 512GB ឯណោះ មិនចាញ់ Mate RS Porsche Design របស់ក្រុមហ៊ុន Huawei នោះទេ ខណៈ Find X ធម្មតា មានទំហំផ្ទុកត្រឹម 256GB ប៉ុណ្ណោះ។
OPPO Find X Lamborghini Edition ត្រូវបានក្រុមហ៊ុន ប្រកាសលក់ក្នុងតម្លៃថ្លៃគឺ 1966 ដុល្លារ (ជាតម្លៃដើម) ផលិតមកសម្រាប់អ្នក ដែលចាយលុយសល់។ ស្មាតហ្វូននេះ មិនទាន់មាន ដាក់លក់ជាផ្លូវការ នៅឡើយទេ ហើយខាងក្រុមហ៊ុន OPPO ក៏មិនទាន់បាន បញ្ជាក់ថា វានឹងមកដល់នៅពេលណាដែរ ដូច្នេះមានតែ រង់ចាំសិន សម្រាប់អ្នកដែលប្រាថ្នា ចង់ទិញ Find X Lamborghini Edition នេះ៕