មិនស្ងាត់ទេ! Nokia នឹងបង្ហាញផលិតផលថ្មីរបស់ខ្លួននៅថ្ងៃទី 8 មេសានេះហើយ

បរទេស៖ ក្រុមហ៊ុន HMD Global បានធ្វើការប្រកាសពីកាលវិភាគបង្ហាញផលិតផលថ្មីនៅថ្ងៃទី 8 ខែមេសាខាងមុខនេះ ដោយអាចនឹងមានផលិតផលទូរស័ព្ទថ្មីៗសម្រាប់ឆ្នាំនេះផងក៏ថាបាន។

ទន្ទឹមនឹងនោះដែរ មានរបាយការណ៍ជាច្រើនបានរៀបរាប់ពីផលិតផលទូរស័ព្ទទាំងនោះថាអាចនឹងទទួលយកគ្រោងការណ៍ដាក់ឈ្មោះថ្មី។ ទូរស័ព្ទរបស់ក្រុមហ៊ុនហ្វាំងឡង់មួយនេះត្រូវបានគេរំពឹងថានឹងនាំមកនូវទូរស័ព្ទជាច្រើនម៉ូដែលក្នុងតម្លៃមធ្យម ដោយអាចនឹងមានឈ្មោះដូចជា Nokia G10, Nokia G20, Nokia X10, Nokia X20 និង Nokia C20 ជាដើម។ មួយវិញទៀត ក្រុមហ៊ុនអាចនឹងបង្ហាញនូវផលិតផលសម្រាប់ទូរស័ព្ទផ្សេងទៀតផងដែរដូចជាដុំសាកថ្មចល័ត (powerbank) ដែលធ្លាប់បានគេដាក់បង្ហាញលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនកាលពីខែមុន។

ចង់ដឹងថាមានផលិតផលទូរស័ព្ទម៉ូដែលថ្មីអ្វីខ្លះ ឬឧបករណ៍ប្រើប្រាស់សម្រាប់ទូរស័ព្ទថ្មីៗណាមួយនោះ គឺមានតែរង់ចាំថ្ងៃទី 8 មេសា ទាំងអស់គ្នា!

ប្រភព៖ Gizmochina