គម្រោងរថភ្លើង Mono ​Rail នៅភ្នំពេញ ត្រូវបានសិក្សាចប់សព្វគ្រប់ហើយ រីឯគម្រោងរថភ្លើងក្រោមដី គ្រោងនឹងបញ្ចប់​នៅខែក្រោយនេះ

ភ្នំពេញ៖ គម្រោង​អភិ​វឌ្ឍន៍រថភ្លើង Mono ​Rail នៅរាជធានីភ្នំពេញ ត្រូវបានសិក្សាចប់សព្វគ្រប់ហើយ ខណៈការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងក្រោមដី ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយខែខាងមុខនេះទៀត ដោយលោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ីជួយរៀបចំយុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៍​។

ការលើកឡើងនេះ ក្នុងជំនួបរវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមការសម្រួលពីលោក Alexander D. Nash អ្នក​ឯកទេសអភិវឌ្ឍន៍ទីក្រុង (Urban Development Specialist) តាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃទី០៦ ខែមេសា នៅទីស្តីការក្រសួង។

លោកទេសរដ្ឋមន្ត្រីបានថ្លែងថា ការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Mono ​Rail នៅរាជធានីភ្នំពេញ ត្រូវបានសិក្សាចប់សព្វគ្រប់ហើយ ហើយការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងក្រោមដី គ្រោងនឹងបញ្ចប់ក្នុងរយៈ​ពេលមួយខែខាងមុខនេះទៀត។ លោកបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ីជួយពិនិត្យឡើងវិញលើ​លទ្ធ​ផលនៃ​គម្រោងសិក្សាទាំងនេះ និងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍។

លោកបន្តថា ប្រសិនបើគម្រោងទាំងនេះមានការចូលរួមវិនិយោគពីក្រុមហ៊ុនឯកជនពិតប្រាកដមែននោះ វានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់មុខមាត់ទីក្រុងភ្នំពេញបានមួយកម្រិតធំ និងឆ្លើយតបទៅនឹងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការ បិតផ្លាកសុវត្ថិភាពលើមធ្យោ​បាយធ្វើដំណើររបស់ប្រជាពលរដ្ឋនាពេលកន្លងមកដូចជា​ កង់ រ៉ឺម៉ក គោយន្ត និងឧបករ​ណ៍កសិកម្មនានាដែលបើកលើផ្លូវសាធារណៈគ្មានភ្លើងបំភ្លឺនៅពេលយប់ប្រកបដោយគ្រោះថ្នាក់ និងបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ីពិនិត្យមើលលទ្ធភាពជួយគាំទ្រលើកិច្ចខិតខំប្រែងនេះបន្ត ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ គំនូសចរាចរណ៍ និងសញ្ញាចរាចរណ៍ សញ្ញាផ្លូវ សញ្ញាសម្គា​ល់​ផ្លូវជាដើម។

លោករដ្ឋមន្ត្រីបានស្នើ​ឱ្យធនាគារអភិវឌ្ឍន៍អាស៊ី តម្រង់ទិសនៃការអភិវឌ្ឍរបស់ខ្លួនទៅលើតំបន់ឆ្លងកាត់​ព្រំដែ​ននានា​របស់កម្ពុជា(Cross Border Facilities) ដើម្បីលើកកម្ពស់វិស័យភស្តុភារកម្ម និងការដឹក​ជញ្ជូននៅកម្ពុជា ពង្រីកទំហំពាណិជ្ជកម្ម បង្កើនការចូលទៅកាន់ទីផ្សារក្នុងតំបន់ ជាពិសេសទីផ្សារមហា​អនុតំបន់ទន្លេមេគង្គ(GMS) ក៏ដូចជាអាស៊ាន បើកផ្លូវចូលទៅកាន់ព្រំដែនដោយផ្ទាល់ និងការឆ្លងកាត់ក្នុងតំបន់ ដែលជាការធ្វើឱ្យប្រសើរឡើងដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជាតាម រយៈកំណើនសេដ្ឋកិច្ច។

ជាការឆ្លើយតប លោក Alexander D. Nash បានធ្វើការកត់សម្គាល់ និងបានសម្តែងចំណាប់ចំពោះសំណើនានា ដែលលោកទេសរដ្ឋមន្ត្រីបានលើកឡើង និងបានគូសបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ីនឹងធ្វើការពិនិត្យ និងសម្របសម្រួលចំពោះសំណើទាំងនោះ៕