ថ្មីៗនេះ ក្រុមហ៊ុន GMC បានប្រកាសចេញរថយន្តអគ្គីសនីថ្មីមួយទៀត គឺ Hummer EV SUV ស៊េរីឆ្នាំ២០២៤។

រថយន្តនេះ ទទួលបានការឌីហ្សាញស្រដៀងទៅនឹង Hummer EV ភីកអាប់ ដែរ ខុសគ្នាតែផ្នែកខាងក្រោយប៉ុណ្ណោះ ដោយ Hummer EV SUV បិទជិត ចំណែក Hummer EV ភីកអាប់ មិនមានបិទជិតឡើយ ។

Hummer EV SUV ស៊េរីឆ្នាំ២០២៤ នេះផងដែរ មានបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១៣,៤អ៊ីញ ហើយក៏មានមុខងារបើកបរស្វ័យប្រវត្តិពាក់កណ្តាល Super Cruise ផងដែរ ដោយវានឹងអនុញ្ញាតឲ្យអ្នកបើកបរដកដៃពីចង្កូត ចម្ងាយជាង ៣២០ ០០០គីឡូម៉ែត្រ នៅលើផ្លូវក្នុងសហរដ្ឋអាមេរិក និងកាណាដា។

សូមបញ្ជាក់ថា រថយន្ត Hummer EV SUV ថ្មី នឹងបង្ហាញខ្លួនដំបូងជាមួយម៉ូដែល Edition 1 ផ្តាច់មុខ ហើយចូលរោងចក្រផលិតនៅដើមឆ្នាំ២០២៣ និងមានតម្លៃចាប់ពីជាង ១០ម៉ឺនដុល្លារ។ វាបំពាក់ម៉ូទ័រអគ្គិសនីចំនួន ៣ មានកម្លាំងសរុប ៨៣០សេះ និងកម្លាំងបង្វិល ១៥ ៥៩២ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៥វិនាទី ហើយមានចម្ងាយបើកបរ ៣០០ម៉ាយ៍ ឬ ៤៨០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ៕