Jeep Compass ស៊េរីឆ្នាំ២០២១ មានបំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ ដំបូងបង្អស់ក្នុងត្រកូល Jeep

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Stellantis ទើបតែបានប្រកាសចេញរថយន្ត SUV ថ្មីដំបូងបង្អស់របស់ខ្លួននៅអឺរ៉ុប គឺ Jeep Compass ស៊េរីឆ្នាំ២០២១។

រថយន្តស៊េរីថ្មីនេះ បានបំពាក់បច្ចេកវិទ្យា ADAS ជំនាន់ចុងក្រោយមកស្តង់ដារ ដោយក្នុងនោះរួមមានទាំងមុខងារ driver drowsiness alert, traffic sign recognition, intelligent speed assist និង automatic emergency braking with pedestrian and cyclist detection។ មិនតែប៉ុណ្ណោះ វាដំណើរការគួបផ្សំជាមួយមុខងារ adaptive cruise control with lane keep assist ដើម្បីរក្សារថយន្តឲ្យស្ថិតនៅចំកណ្តាលគន្លងផ្លូវ។

យ៉ាងណាមិញ ថ្វីបើ Jeep Compass ស៊េរីឆ្នាំ២០២១ មិនមានការឌីហ្សាញថ្មីទាំងស្រុង ប៉ុន្តែវា បានបំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្តិពាក់កណ្តាល កម្រិត២ ដំបូងបង្អស់ក្នុងត្រកូល Jeep។

សូមបញ្ជាក់ថា រថយន្តនេះ មានម្រើសម៉ាស៊ីនសាំងថ្មី ចំណុះ ១,៣លីត្រ កម្លាំង ១២៨សេះ និង ១៤៨សេះ ហើយអាចជ្រើសរើសយកប្រអប់លេខដៃ ឬអូតូបាន។ ចំណែកឯជម្រើសម៉ាស៊ីនម៉ាស៊ូតវិញ គឺចំណុះ ១,៦លីត្រ ប្រើលេខដៃ ៦វគ្គ។ វាមានទាំងជម្រើសប៉ុងមួយវិលកង់មុខ និងប៉ុងពីរ៕