
តាមរយៈព័ត៌មានថ្មីៗនេះ បង្ហាញថា ក្រុមហ៊ុន Samsung បានសម្រេចពន្យារពេល 2 សប្ដាហ៍ក្នុងការសម្ពោធចេញ Galaxy Note 9 គឺប្ដូរពីកាលបរិច្ឆេទពាក់កណ្ដាលខែកក្កដា ទៅប្រកាសនៅខែសីហាវិញ។ ហើយពេលនេះមានសេចក្ដីរាយការណ៍ពីគេហទំព័រ Bloomberge មកថា ស្មាតហ្វូនកាន់ថេប្លេតត្រកូល Note ថ្មីនេះនឹងត្រូវវែកមុខផ្លូវការនៅថ្ងៃទី៩ ខែសីហាខាងមុខ។
របាយការណ៍នេះបានឱ្យដឹងថា Galaxy Note 9 នឹងត្រូវក្រុមហ៊ុន Samsung បង្កើនសមត្ថភាពលើផ្នែក Hardware ដើម្បីឱ្យដំណើរការកាន់តែប្រសើរជាងជំនាន់មុន។ Note 9 ត្រូវគេរំពឹងទៀតថា នឹងភ្ជាប់មកជាមួយបច្ចេកវិទ្យាស្កេនប្រស្រីភ្នែក iris scanner, មុខងារសម្គាល់ផ្ទៃមុខ និងមុខងារស្កេនក្រយៅដៃ ដែលនឹងមកស្រាប់នៅក្នុង Android Oreo សម្រាប់ផេប្លេតទំនើបនេះ។
បើតាមសេចក្ដីរាយការណ៍ដើមសប្ដាហ៍នេះឱ្យដឹងដែរថា Galaxy Note 9 អាចនឹងត្រូវដំឡើងទំហំ RAM ដល់ 8GB ព្រមជាមួយអង្គចងចាំរហូតដល់ 512GB។ RAM 8GB អាចមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ប៉ុន្តែបើមេម៉ូរី 512GB ពិតមែន ទើបជាការវិវឌ្ឍថ្មីនៃទូរស័ព្ទស្មាតហ្វូន ដែលទំហំប៉ុណ្ណេះស្មើនឹង HDD របស់កុំព្យូទ័រធម្មតាទៅហើយ៕