
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ឯកឧត្តម ត្រាំ អ៊ីវតឹក នៅថ្ងៃទី១១ មករានេះ អះអាងថា ដើម្បីបម្រើសេវាអ៊ីនធឺណិតល្បឿនលឿន និងសេវាកម្ម Online ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងតំបន់រមណីយដ្ឋានអង្គរ រដ្ឋាភិបាលគម្រោងនឹងបំពាក់ប្រព័ន្ធអ៊ីនធឺណិតគ្មានខ្សែបច្ចេកវិទ្យាជំនាន់ទី៥ (5G WiFi)។
ការថ្លែងនេះ ក្នុងពិធីប្រជុំពិភាក្សាអំពីគម្រោងបំពាក់ប្រព័ន្ធអ៊ីនធឺណិតគ្មានខ្សែបច្ចេកវិទ្យាជំនាន់ទី៥ (5G WiFi) ដើម្បីបម្រើសេវាអ៊ីនធឺណិតល្បឿនលឿន និងសេវាកម្ម Online ផ្សេងទៀតជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
តាមគេហទំព័រហ្វេសប៊ុក(Facebook )ផ្លូវការរបស់ឯកឧត្តម ត្រាំ អ៊ីវតឹក បានបង្ហាញថា ល្បឿនអ៊ីនធឺណិតដែលផ្ដល់ដោយប្រព័ន្ធបច្ចេកវិទ្យាគ្មានខ្សែជំនាន់ទី៥ (5G WiFi) គឺមានល្បឿនប្រមាណជា ២០ជីហ្គាប៊ីតក្នុងមួយវិនាទី មានសមត្ថភាពតភ្ជាប់ខ្ពស់ជាងបច្ចេកវិទ្យាជំនាន់ទី៤ ដល់ទៅ៥០០ដង (ក្នុងរង្វង់២០គីឡូម៉ែត្រការ៉េភ្ជាប់ បាន១លានឧបករណ៍) និងល្បឿនរលកសញ្ញាតភ្ជាប់គឺ១មីលីវិនាទី។
ឯកឧត្តមបន្តថា គម្រោងប្រព័ន្ធអ៊ីនធឺណិតគ្មានខ្សែបច្ចេកវិទ្យាជំនាន់ទី៥ (5G WiFi) នេះ គឺជាផ្នែកមួយក្នុងពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធជាតិ ដើម្បីជម្រុញការផ្ដល់សេវារបស់រាជរដ្ឋាភិបាលកម្ពុជាតាមប្រព័ន្ធឌីជីថល ពាណិជ្ជកម្មឌីជីថល និងសេដ្ឋកិច្ច ឌីជីថល ដែលនឹងចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង និងឈានទៅសម្រេចបានប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
បន្ថែមលើនេះ ឯកឧត្តមបញ្ជាក់ថា ការបំពាក់ឧបករណ៍ប្រព័ន្ធអ៊ីនធឺណិតគ្មានខ្សែបច្ចេកវិទ្យាជំនាន់ទី៥ (5G WiFi)នេះ នឹងមិនធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាព បរិស្ថាន និងមិនមានការជីកគាស់ ឬសាងសង់អ្វីបន្ថែមនៅក្នុងតំបន់រមណីយដ្ឋាននោះ៕