ដំណឹងល្អ! ទូរស័ព្ទយីហោ Honor ដែលធ្លាប់ជាម៉ាកមួយរបស់ Huawei នឹងអាចភ្លក់សេវាកម្ម Google ឡើងវិញក្នុងពេលឆាប់ៗនេះ

ភាពចម្រូងចម្រាស់ពាណិជ្ជកម្មរវាងមហាអំណាចអាមេរិក និងចិន តាំងពីខែឧសភា ឆ្នាំ 2019 បានបង្ខំឱ្យក្រុមហ៊ុនទូរស័ព្ទ Huawei ដែលជាក្រុមហ៊ុនទូរស័ព្ទដ៏ធំរបស់ចិនសម្រេចចិត្តផ្ដាច់យីហោទូរស័ព្ទស៊េរី Honor ចេញពីគ្រួសាររបស់ខ្លួនដោយសារតែការផ្ដាច់រាល់ការគាំទ្រសេវាកម្មនានាពីក្រុមហ៊ុន Google ដោយទូរស័ព្ទស៊េរី Honor នេះក្លាយជាទូរស័ព្ទឯករាជ្យ។

ទីបំផុត ការពលីរបស់ Huawei ដោយផ្ដាច់ម៉ាកយីហោ Honor ចេញពីខ្លួនទទួលបាននូវផលផ្លែផ្កាហើយដោយថ្មីៗនេះ ខាងក្រុមហ៊ុន Honor ខាងប្រទេសអាឡឺម៉ង់បានបង្ហោះសារបញ្ជាក់លើទំព័រ Twitter របស់ខ្លួនថា សេវាកម្ម និងកម្មវិធីរបស់ Google នឹងចាប់ផ្ដើមដាក់ឱ្យប្រើនៅលើទូរស័ព្ទ Honor ឡើងវិញ ចាប់ពីទូរស័ព្ទ Honor ស៊េរី 50 ទៅ។ បន្ថែមទៅលើការបញ្ជាក់នោះដែរ Honor អាឡឺម៉ង់បានបន្ថែមទៀតថា ទូរស័ព្ទម៉ូដែលថ្មីរបស់ខ្លួននឹងប្រើបន្ទះឈីប Snapdragon 778 ទទួលការគាំទ្រពីសេវាកម្មពេញលេញរបស់ Google ព្រមទាំងបញ្ចូលនូវ Magic UI របស់ក្រុមហ៊ុនផ្ទាល់ដើម្បីបន្ថែមនូវមុខងារថ្មីៗក្នុងទូរស័ព្ទសម្រាប់អតិថិជន។

ទូរស័ព្ទយីហោ Honor ដ៏ឯករាជ្យនេះបានចាប់ផ្ដើមស្ដារទំនាក់ទំនងដៃគូពាណិជ្ជកម្មឡើងវិញជាមួយនឹងក្រុមហ៊ុន Qualcomm, Intel និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀត។ រីឯក្រុមហ៊ុន Google ដែលធ្លាប់តែបាត់ចំណែកមួយនៅក្នុងការគាំទ្រក្រុមហ៊ុនទូរស័ព្ទនេះក្នុងរយៈពេលចម្រូងចម្រាស់ពីមុនមកនោះ ក៏នឹងក្លាយជាលែងមានបញ្ហាតទៅទៀតដែរ។

ទន្ទឹមនឹងនេះដែរ នាពេលថ្មីៗនេះ មានទូរស័ព្ទបែកធ្លាយជាច្រើនត្រូវបានបង្ហោះនៅលើអ៊ិនធើណែត ដែលមើលទៅហាក់បីដូចជាអនាគតទូរស័ព្ទ Honor 50 ដែលគេបានបង្ហើបថាវានឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 888 ហើយក្រុមហ៊ុន Honor អាចនឹងកំពុងរៀបចំការបើកឆាកបង្ហាញខ្លួនជាថ្មីទៅកាន់ទីផ្សារអឺរ៉ុប និងអាស៊ីដែលជាទីតាំងខ្លួនធ្លាប់ចាប់យកចំណែកទីផ្សារអ្នកប្រើប្រាស់យ៉ាងច្រើន។
ប្រសិនបើដំណឹងនៃការដាក់ឱ្យប្រើប្រាស់សេវាកម្មរបស់ Google លើទូរស័ព្ទ Honor ពិតប្រាកដ នោះដំណឹងនេះពិតជាល្អសម្រាប់អ្នកគាំទ្រយីហោមួយនេះ ហើយពួកគេក៏អាចនឹងប្រើប្រាស់សេវាកម្មរបស់ Google លើម៉ាកទូរស័ព្ទដែលគេពេញចិត្តបានឡើងវិញផងដែរ៕
ប្រភព៖ Android Authority