Realme បង្ហាញទូរស័ព្ទឆ្លាតវៃ Realme X7 Max 5G និងទូរទស្សន៍ Smart TV 4K

ឥណ្ឌា៖ ក្រុមហ៊ុន Realme មិនដែលបង្អង់ដៃក្នុងការផលិតទូរសព្ទថ្មីៗដាក់ចូលក្នុងទីផ្សារឡើយហើយម្សិលមិញនេះដែរក្រុមហ៊ុនទូរស័ព្ទយក្សមួយនេះបានបង្ហាញផលិតផលទូរស័ព្ទឆ្លាតវៃថ្មីមួយម៉ូដែល ឈ្មោះ Realme X7 Max 5G ព្រមទាំងទូរទស្សន៍ឆ្លាតវៃដែលបង្ហាញរូបទំហំ 4K ដល់ទៅពីរគ្រឿងថែមទៀតផង។

ទូរស័ព្ទ Realme X7 Max 5G

ទូរស័ព្ទម៉ូដែលនេះមានអេក្រង់ទំហំ 6.43 អ៊ីងដើរលើអេក្រង់គែមខាងឆ្វេងផ្នែកខាងលើនៃទូរស័ព្ទមានកាមេរ៉ាសម្រាប់ថតស៊ែលហ្វីទំហំ 16 មេហ្គាភិចសែល។ កញ្ចក់អេក្រង់របស់ទូរស័ព្ទត្រូវបានស្រោបការពារដោយកញ្ចក់ Dragontrail Glass ហើយលើអេក្រង់នេះក៏មានកន្លែងស្គេនក្រយ៉ៅម្រាមដៃផ្ទាល់លើអេក្រង់ផងដែរ។

លើសពីនេះ Realme បាននាំយកនូវរន្ធបំពងសំឡេងបែបស្តេរីអូដ៏ច្បាស់ពី Dolby Atmos ផ្ដល់សំឡេងឮខ្លាំងហើយទូរសព្ទនេះក៏មានរន្ធដោតកាសដើម្បីឲ្យលោកអ្នកអាចស្ដាប់តន្ត្រីផ្សេងៗបានយ៉ាងស្ងាត់ និងរីករាយបំផុត។

សម្រាប់ផ្នែកខាងក្រោយវិញ Realme X7 Max 5G នេះបានបំពាក់នូវ sensor កាមេរ៉ារបស់ Sony គឺ Sony IMX 682 ទំហំ 64 មេហ្គាភិចស៊ែល រួមនឹងកាមេរ៉ា ultra wide ទំហំ 8 មេហ្គាភិចស៊ែល និងកាមេរ៉ា macro ទំហំ 2 មេហ្គាភិចស៊ែល។

បន្ថែមពីនេះទៀត ដំណើរការរបស់ទូរសព្ទម៉ូដែលថ្មីនេះអាចដំណើរការទៅដោយរលូនពីការប្រើបន្ទះឈីប MediaTek Dimensity 1200 SoC ផ្គួបជាមួយនឹង RAM ទំហំ 8GB ឬ 12GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 128GB ឬ 256GB UFS 3.1។ ក្នុងនោះផងដែរ Realme X7 Max 5G នេះដំណើរការដោយប្រព័ន្ធដំណើរការរបស់ Realme UI 2.0 ទៅលើប្រព័ន្ធប្រតិបត្តិការ Android 11 របស់ Google ហើយ Realme សន្យាថានឹងផ្ដល់ជូននូវការធ្វើបច្ចុប្បន្នភាពភ្លាមៗពេលដែល Android 12 ដាក់ដំណើរការឱ្យប្រើជាផ្លូវការ។

ងាកមកមើលថាមពលប្រើប្រាស់វិញ Realme X7 Max 5G នេះ មានថាមពលថ្មរហូតដល់ទៅ 4500mAh ជាមួយនឹងថាពលសាក់ថ្មឆាប់ពេញពីខ្សែ និងឆ្នាំងសាក 50W SupertDart។

Realme X7 Max 5G នេះនឹងចាប់ផ្ដើមចេញលក់នៅប្រទេសឥណ្ឌាមុនគេ ដោយចាប់ផ្ដើមពីថ្ងៃទី 4 មិថុនានេះទៅ ជាមួយនឹងពណ៌ខ្មៅ ទឹកប្រាក់ និងពណ៌ប្រែបែបផ្ទៃមេឃ ស ស្វាយលាយបញ្ចូលគ្នា ជាមួយនឹងតម្លៃប្រហែលជា 370 ដុល្លារសម្រាប់ម៉ូដែល RAM ទំហំ 8GB អង្គផ្ទុកទិន្នន័យ 128GB ឬតម្លៃប្រហែល 413 ដុល្លារសម្រាប់ម៉ូដែល RAM ទំហំ 12GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 256GB។

ទូរទស្សន៍ឆ្លាតវៃបង្ហាញរូបទំហំ 4K

លើសពីការបង្ហាញផលិតផលទូរស័ព្ទម៉ូដែលថ្មីហើយនោះ Realme ក៏បានបង្ហាញនូវទូរទស្សន៍ឆ្លាតវៃថ្មីបង្ហាញរូបទំហំ 4K ដែលមានពីរម៉ូដែល គឺម៉ូដែលអេក្រង់ទំហំ 43 អ៊ីង នឹងម៉ូដែលអេក្រង់ទំហំ 55 អ៊ីង។ ទូរទស្សន៍ទាំងពីរទំហំនេះសុទ្ធតែអាចគាំទ្របច្ចេកវិទ្យារូបភាពបែប HDR 10 និង Dolby Vision ផ្ទាំងអេក្រង់អាចគាំទ្រពណ៌បែប NTSC ដល់ទៅ 83% និងបច្ចេកទេសរូបភាព Chroma Boost Picture Engine របស់ Realme ផ្ដល់ជូននូវបទពិសោធន៍នៃការទស្សនាយ៉ាងត្រជាក់ភ្នែក។

លើសពីនេះ ទូរទស្សន៍ឆ្លាតវៃនេះមានបំពាក់បន្ទះឈីប MediaTek ចំនួន 4 គ្រាប់ RAM ទំហំ 2GB អង្គផ្ទុកទិន្នន័យទំហំ 16GB ហើយនឹងប្រព័ន្ធប្រតិបត្តិការ Android TV 10. I/O។ ទូរទស្សន៍ទាំងពីរទំហំនេះមានរន្ធដោត HDMI ចំនួនបី រន្ធដោត USB ចំនួនពីរ រន្ធដោតខ្សែអ៊ីនធើណែតចំនួនមួយ រន្ធដោត SPDIF មួយ និង DVB-T2 មួយ។ ក្នុងនោះរន្ធបំពងសម្លេងមានមួយគូ 12W អាចគាំទ្របច្ចេកវិទ្យាសំឡេងរបស់ Dolby Atmos ផ្ដល់ជូននូវសម្លេងលឺច្បាស់។ រូបភាពនិងសំឡេងគឺសាកសមនឹងការហៅថារោងភាពយន្តនៅតាមគេហដ្ឋានតែម្ដង។

ទូរទស្សន៍នេះនឹងចាប់ផ្ដើមចេញលក់នៅប្រទេសឥណ្ឌាចាប់ពីថ្ងៃទី 4 មិថុនាផងដែរ ដោយមានតម្លៃប្រហែល 385 ដុល្លារសម្រាប់ទូរទស្សន៍ទំហំ 43 អ៊ីង និងតម្លៃប្រហែល 550 ដុល្លារសម្រាប់ទូរទស្សន៍ទំហំ 55 អ៊ីង៕

 

ប្រភព៖ GSM Arena