Realme គ្រោងផលិតទូរស័ព្ទប្រើប្រព័ន្ធ 5G ឱ្យបានលើស 20 ម៉ូដែលមុនដំណាច់ឆ្នាំ 2022

ខួបគម្រប់អនុស្សាវរីយ៍នៃការដំណើរការក្រុមហ៊ុន Realme ជិតឈានចូលមកដល់ ក្រុមហ៊ុននេះបានប្រារព្ធកិច្ចប្រជុំកំពូល 5G ដោយសហការជាមួយសមាគមន៍ GSM ក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm និងក្រុមហ៊ុនស្រាវជ្រាវទីផ្សារបច្ចេកវិទ្យា Counterpoint Research ដោយបានបង្ហាញពីមហិច្ចតាក្នុងការបង្កើតការភ្ជាប់ទំនាក់ទំនងដោយប្រើបច្ចេកវិទ្យា 5G ទៅកាន់អ្នកប្រើរាប់លាននាក់នៅជុំវិញពិភពលោកអាចប្រើប្រាស់បាន។

នៅក្នុងកិច្ចប្រជុំនោះ Realme បានប្រកាសផងដែរថា ខ្លួននឹងសម្រេចគោលបំណងដំណើរការស្មាតហ្វូនប្រភេទ 5G ដល់អ្នកប្រើឱ្យបាន 100 លាននាក់នៅឆ្នាំ 2024 និងគ្រោងពង្រីកការផ្គត់ផ្គង់សេវា 5G ប្រហែលជា 70% នៅក្នុងទីផ្សារចំនួន 50 នៅដើមឆ្នាំក្រោយនេះ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុននេះក៏បានបន្ថែមថា ផលិតផលទូរស័ព្ទចល័ត 5G ដែលមានតម្លៃសមរម្យនឹងបន្តជាទីផ្ដោតសំខាន់នៃម៉ាកយីហោនេះជាមួយនឹងទូរស័ព្ទ Realme ម៉ូដែល 5G ដែលមានតម្លៃប្រហែលជាង 100 ដុល្លារអាមេរិកតែប៉ុណ្ណោះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ មួយវិញទៀត Realme ក៏បានបង្ហើបពីគម្រោងបង្ហាញទូរស័ព្ទថ្មីៗចំនួន 2 ម៉ូដែលសម្រាប់សែស្រឡាយ GT របស់ខ្លួន ដែលទូរស័ព្ទទាំងនេះផ្ដោតសំខាន់លើល្បឿនដំណើរការ។ ទូរស័ព្ទត្រកូល GT របស់ Realme នេះអាចនឹងបង្ហាញខ្លួននាចុងខែនេះ។ លើសពីនេះ Realme ត្រៀមនឹងបង្ហាញផលិតផលកាមេរ៉ានៅក្នុងខែកក្កដាខាងមុខផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ Realme នឹងចំណាយទឹកប្រាក់រហូតដល់ 90% សម្រាប់ជាធនធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ស្មើនឹងទឹកប្រាក់ប្រហែល 300 លានដុល្លារអាមេរិកលើការអភិវឌ្ឍផលិតផលប្រើបច្ចេកវិទ្យា 5G ក្នុងរយៈពេល 2 ឆ្នាំខាងមុខនេះ ហើយនឹងរៀបចំបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា 5G ចំនួន 7 ទីតាំងនៅប្រទេសតំបន់អាស៊ី អឺរ៉ុប អាហ្វ្រិច និងអាមេរិកខាងត្បូង៕

គម្រោង 5G របស់ Realme

ប្រភព៖ GSM Arena