Jaguar Land Rover កំពុងសិក្សាលើគម្រូរថយន្ត Land Rover Defender ប្រើប្រាស់ថាមពលអ៊ីដ្រូហ្សែន

បរទេស៖ ​កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Jaguar Land Rover បានបង្ហើបថា ខ្លួនកំពុងសិក្សាលើគម្រោងអភិវឌ្ឍន៍លើគំរូរថយន្ត Land Rover Defender ប្រើប្រាស់ថាមពលអ៊ីដ្រូហ្សែន។

ក្រុមហ៊ុនផលិតរថយន្តរបស់ចក្រភពអង់គ្លេស មួយនេះ បានឲ្យដឹងថា នឹងចាប់ផ្តើមធ្វើតេស្តសាកល្បងរថយន្តនៅចុងឆ្នាំនេះ ហើយក៏បានទទួលថវិកាមួយចំនួនពីមជ្ឈមណ្ឌលជំរុញកម្រិតខ្ពស់របស់រដ្ឋាភិបាលអង់គ្លេសក្នុងគម្រោង “Project Zeus” ដើម្បីធ្វើឱ្យរថយន្តនេះកើតឡើង ។ ហើយជាមួយគ្នានេះ ក្រុមហ៊ុន Jaguar Land Rover ក៏បាន សហការជាមួយដៃគូ និងអ្នកផ្គត់ផ្គង់រួមមាន Delta Motorsport, AVL, Marelli Automotive Systems និងមជ្ឈមណ្ឌលឧស្សាហកម្មអាគុយរបស់អង់គ្លេសផងដែរ។

ការធ្វើតេស្តគំរូរថយន្ត Defender ប្រើប្រាស់អ៊ីដ្រូហ្សែន នឹងប្រព្រឹត្តទៅនៅចក្រភពអង់គ្លេស ដោយផ្ទៀងផ្ទាត់សមត្ថភាពយានយន្តនៅលើផ្លូវ Off-road និងការប្រើប្រាស់អ៊ីដ្រូហ្សែនរបស់វាផងដែរ។

តែយ៉ាងណាក៏ដោយ ពេលនេះ Jaguar Land Rover នៅពុំទាន់មានបំណងណាមួយដែលថា ធ្វើឱ្យរថយន្តគំរូប្រើប្រាស់អ៊ីដ្រូហ្សែននេះ ក្លាយជាការពិតនៅថ្ងៃណានោះទេ ៕