ម៉ូតូ Suzuki Viva កម្លាំង 110cc កំពុងដើរដល់ដំណាក់កាលចុងក្រោយ

Suzuki Viva កម្លាំង 110 cc ជា​ម៉ូតូដំបូងគេ និងជា​អ្នកដែលបានធ្វើការត្រួសត្រាយ​ផ្លូវ​ឲ្យ​ម៉ាកសញ្ញា Suzuki កាលពី 20 ឆ្នាំមុនមានកេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ និង​មានការ​ទទួលស្គាល់​នៅ​ទីផ្សារ​អ្នក​ប្រើ​ប្រាស់​កម្ពុជាមកពេលបច្ចុប្បន្ន។ ប៉ុន្តែ​ថ្មីៗនេះ Viva ​ហាក់​កំពុង​ដើរ​ដល់​ដំណាក់កាល​ចុងក្រោយ​ចំពោះ​ទីផ្សារ​ដ៏​ចំណាស់​មួយ​នេះ។

ទាក់ទង​នឹង​រឿង​បាត់​ខ្លួន​ពីលើ​ទីផ្សារ​នេះដែរ អ្នកលក់​ម៉ូតូ​ម្នាក់​នៅ​ម្ដុំ​គី​រិ​រម្យ​បាន​ឲ្យ​ដឹងថា៖ ម៉ូតូ Suzuki Viva កម្លាំង 110 cc ពេលនេះ​បាន​ដាច់​ស្ដុក រក​ម៉ូតូ​លក់​មិន​បានទេ។ លោក​ថា ពេលនេះ ក្រុមហ៊ុន​ផ្ដោតលើ​កម្លាំង 125cc ហើយ​កម្លាំង 110 cc អាច​លែងមាន​លក់ ព្រោះ​សន្ទុះ​ការគាំទ្រ​មានការ​ថមថយ​មិន​ដូច​មុន ដោយសារតែ​មានការ​ប្រកួត​ប្រជែង​ខ្លាំង​ពី​ម៉ាក​ម៉ូតូ​ដទៃទៀត ជាពិសេស​ការ​លេច​ប្រភេទ​ម៉ូតូ​ប្រើ​លេខ​អូ​តូ ដែល​កំពុង​ក្លាយ​ជាទី​ពេញនិយម​សម្រាប់​យុវវ័យ​សម័យថ្មី​ក្នុង​ការទិញ​ប្រើប្រាស់។

អ្នកលក់​ខាងលើ​បន្ដថា ម៉ូតូ Suzuki Viva មានការ​ចាប់អារម្មណ៍​ខ្លាំង និង​លក់ដាច់​បំផុត​ក្នុងអំឡុង​ឆ្នាំ 2006 ដល់ 2008 អំឡុង​មានការ​ផ្ទុះ​កក្រើក​ត្រូវប៉ាន់​ដី ប៉ុន្តែ​ពេលនេះ​ចប់​ហើយ។

ជាមួយនឹង​គ្នា​នេះ បុគ្គលិក​ម្នាក់​ដែល​កំពុង​បម្រើការ​នៅ​ក្រុមហ៊ុន OMC ដែលជា​ក្រុមហ៊ុន​នាំចូល​និង​ចែកចាយ​ផលិតផល​ម៉ូតូ Suzuki សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ថា សម្រាប់​ម៉ូតូ Suzuki Viva កម្លាំង 110 cc ក្រុមហ៊ុន​ប្រហែលជា​លែង​នាំ​ចូលមក​លក់​ក្នុង​ទីផ្សារ​កម្ពុជា យើង​ទៀតហើយ ប៉ុន្តែ​កម្លាំង 125 cc នៅមាន​លក់​ដដែល។ ចំពោះ​ការឈប់​នាំចូល អ្នកនាង​ក៏​មិនដឹង​ពី​មូលហេតុ​ច្បាស់​ដែរ ប៉ុន្តែ​វា​អាចមកពី​ការធ្លាក់​នៃ​ការគាំទ្រ​លើ​ទីផ្សារ៕