ផ្លូវការហើយ! រថយន្ត Civic Sedan ស៊េរីឆ្នាំ២០២២ ប្រកាសតម្លៃដាក់លក់ចាប់ពី ២ម៉ឺនដុល្លារជាងប៉ុណ្ណោះ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Honda ទើបតែបានប្រកាសចេញរថយន្ត Civic Sedan ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ហើយសម្រាប់ជំនាន់ថ្មីនែះ គឺមានរហូតទៅដល់ ៤ម៉ូឌែលឯណោះ ដោយតម្លៃចាប់ពីជាង ២២,០០០ ដុល្លារ ឡើងទៅ ។

Civic Sedan ស៊េរីឆ្នាំ២០២២ ទាំង ៤ម៉ូឌែលនោះ មានដូចជា LX, Sport,Ex និង Touring ដែលម៉ូឌែលចុងក្រោយគេនេះមានតម្លៃថ្លៃជាងគេ ។

រថយន្ត Honda Civic ឆ្នាំ២០២២ បានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ហើយមានបំពាក់ចង្កៀង LED មួយជុំរថយន្ត ខណៈការឌីហ្សាញរូបរាងថ្មី ជួយឲ្យវាមុជខ្យល់បានកាន់តែប្រសើរ។

សម្រាប់ឧបករណ៍កម្សាន្តខាងក្នុងវិញ រថយន្តនេះ បំពាក់អេក្រង់ Touchscreen ទំហំ ៧អ៊ីញមកស្តង់ដារតែម្តង ហើយថែមទាំងអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ដោយមិនបាច់ប្រើខ្សែ និងកន្លែងសាកថ្ម Wireless ទៀតផង។ មិនតែប៉ុណ្ណោះ កាប៊ីនខាងក្នុងរបស់វាត្រូវបានឌីហ្សាញ និងរៀបចំឡើងវិញ ដោយប្រើគ្រឿងបរិក្ខារមានគុណភាពខ្ពស់ ដែលកាន់តែផ្តល់អារម្មណ៍បែប Premium ព្រមទាំងផ្តល់កន្លែងអង្គុយធំទូលាយជាងមុនផងដែរ។

សម្រាប់ផ្នែកម៉ាស៊ីនវិញ Civic Sedan ស៊េរីឆ្នាំ២០២២ នឹងផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥៨សេះ និង ចំណុះ ១,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨០សេះ ៕