Samsung Galaxy M32 បង្ហាញខ្លួនជាមួយថ្មថាមពលដល់ទៅ 6000mAh

បរទេស៖ ក្រុមហ៊ុនទូរស័ព្ទយក្សរបស់កូរ៉េខាងត្បូងប្រចាំប្រទេសឥណ្ឌាបានធ្វើការបង្ហាញនូវសមាជិកថ្មីម៉ូដែល Samsung Galaxy M32 ដោយទូរស័ព្ទនេះបានផលិតឡើងដោយមានថ្មថាមពលដល់ទៅ 6000mAh ឯណោះ គឺពិតជាមានថាមពលប្រើប្រាស់បានច្រើនម៉ោងមែនទែន។

Samsung Galaxy M32 នេះមានអេក្រង់ទំហំ 6,4 អ៊ីង ប្រភេទ Super AMOLED ដោយមានកម្រិត fresh rate ដល់ទៅ 90Hz គឺអេក្រង់ដើររលូនល្អ។ លើសពីនេះទៀត ទូរស័ព្ទម៉ូដែលថ្មីនេះត្រូវបានផលិតឡើងបំពាក់នូវបន្ទះឈីប Helio G80 របស់ក្រុមហ៊ុន MediaTek អមជាមួយនឹង RAM ទំហំ 4GB/6GB មេម៉ូរីក្នុងម៉ាស៊ីនទំហំ 64GB/128GB ព្រមទាំងអាចបន្ថែមមេម៉ូរីកាតបានទៀត និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11 និង OneUI 3.1 គឺពិតជាធ្វើឱ្យការប្រើប្រាស់បានច្រើនសណ្ឋាន អាចផ្ទុកទិន្នន័យឯកសារ និងកម្មវិធីបានច្រើន ព្រមទាំងដំណើរការលឿនទៀតផង។

សម្រាប់ការថតរូបវិញ ទូរស័ព្ទទំនើបម៉ូដែល Samsung Galaxy M32 នេះមានកាមេរ៉ាក្រោយចំនួន 4 គ្រាប់ ដូចជា 64 មេហ្គាភិចសែល (wide) 8 មេហ្គាភិចសែល (ultrawide) 2 មេហ្គាភិចសែល (macro) និង 2 មេហ្គាភិចសែល (depth) និងអាចថតវីដេអូបានទំហំ [email protected]។ ចំណែកឯកាមេរ៉ាមុខវិញមានទំហំលេនស៍ 20 មេហ្គាភិចសែល ព្រមទាំងអាចថតវីដេអូបានទំហំ [email protected] បានផងដែរ។ និយាយទៅគឺថតរូប និងវីដេអូបានច្បាស់ទាំងមុខ ទាំងក្រោយ។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ Galaxy M32 នេះ មានបំពាក់កន្លែងស្កេនក្រយ៉ៅម្រាមដៃនៅលើប៊ូតុងបិទបើកដែលស្ថិតនៅគែមខាងស្ដាំនៃទូរស័ព្ទ។

បច្ចុប្បន្ន ទូរស័ព្ទ Samsung Galaxy M32 មានចេញលក់នៅប្រទេសឥណ្ឌាចាប់ពីថ្ងៃទី 28 មិថុនា ផ្ដាច់មុខលើផ្សារអនឡាញ Amazon ដោយមានពីរពណ៌ គឺខ្មៅ និងខៀវ ដែលមានតម្លៃប្រហែល $200 សម្រាប់មូដែល RAM 4GB មេម៉ូរី 64GB និងតម្លៃប្រហែល $230 សម្រាប់មូដែល RAM 6GB និងមេម៉ូរី 128GB

ប្រភព៖ GSM Arena