ល្បីថាក្រុមហ៊ុនទូរស័ព្ទ Realme ចាប់ដៃជាមួយនឹង Kodak ដើម្បីនាំយកនូវកាមេរ៉ាថតរូបលើទូរស័ព្ទម៉ូដែលថ្មីរបស់ខ្លួន

បរទេស៖ លោកអ្នកប្រហែលជាស្គាល់ហើយនូវកាមេរ៉ាយីហោ Kodak ដែលជាក្រុមហ៊ុនកាមេរ៉ាដ៏ល្បីរបស់សហរដ្ឋអាមេរិក ហើយក្រុមហ៊ុននេះក៏ធ្លាប់បានផលិតនូវទូរស័ព្ទទំនើបឆ្លាតវៃរបស់ខ្លួនដំបូងកាលពីឆ្នាំ 2015 ផងដែរ។ ថ្មីៗនេះដែរ លោក Xu Qi Chase អគ្គនាយករងរបស់ក្រុមហ៊ុន Realme បានធ្វើការបង្ហោះរូបទេសភាពលាយជាមួយនឹងអគារខ្ពស់ៗមួយសន្លឹកលើទំព័រ Weibo របស់លោកដោយក្នុងរូបនោះហាក់កំពុងផ្ដល់សញ្ញាណដោយថតចេញពីទូរស័ព្ទដែលមិនទាន់ប្រកាសបង្ហាញជាសាធារណៈនោះឡើយ។

បន្ថែមពីការបង្ហោះរូបទេសភាពទេសភាព លាយជាមួយនឹងអគារខ្ពស់ៗរបស់អគ្គនាយករងរបស់ Realme ហើយនោះ ខាងអ្នកជំនាញខាងឱ្យព័ត៌មានខ្លីៗ Digital Chat Studio ក៏បានបង្ហោះបន្ថែមដែរថា ក្រុមហ៊ុន Realme កំពុងរៀបចំកិច្ចសហការមួយជាមួយនឹងក្រុមហ៊ុនកាមេរ៉ាថតរូបមួយដើម្បីផលិតទូរស័ព្ទម៉ូដែល GT Master Edition ដែលនឹងក្លាយជាទូរស័ព្ទដំបូងដែលបំពាក់កាមេរ៉ាក្រុមហ៊ុនកាមេរ៉ាដ៏ល្បីនោះ។ ទន្ទឹមនឹងនេះដែរ ក៏មានខាងបណ្ដាញអ្នកចែកចាយព័ត៌មាន Bald Panda បានបង្ហោះសារថាក្រុមហ៊ុន Realme នេះកំពិងសហការជាមួយនឹងក្រុមហ៊ុន Kodak

សង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនទូរស័ព្ទធំៗបានស្វែងរកការសហការជាមួយនឹងក្រុមហ៊ុនកាមេរ៉ា និងលេនស៍កាមេរ៉ាល្បីៗដើម្បីនាំយកបច្ចេកវិទ្យា និងលេនស៍កាមេរ៉ាបំពាក់លើទូរស័ព្ទរបស់ខ្លួន។ ក្នុងនោះដែរ ការសហការរវាង Realme និង Kodak នឹងធ្វើឱ្យអ្នកគាំទ្រទូរស័ព្ទ Realme ទួលបាននូវបទពិសោធន៍ថ្មីមួយទៀតក្នុងការថតរូបចេញពីទូរស័ព្ទម៉ូដែលពិសេសនោះជាមិនខានឡើយ៕

ប្រភព៖ GSM Arena