Mitsubishi ចាប់ដៃជាមួយ GAC ប្រកាសចេញរថយន្ត SUV អគ្គិសនីថ្មីសន្លាងមួយ

ក្រុមហ៊ុន Mitsubishi កាលពីពេលថ្មីៗនេះ បានប្រកាសចេញនូវរថយន្តអគ្គិសនីថ្មីសន្លាងរបស់ខ្លួន ដោយដាក់ឈ្មោះថា Airtrek ។

Airtrek គឺជារថយន្តប្រភេទ SUV ដែលបានចូលរួមសហការណ៍ផលិតជាមួយ ក្រុមហ៊ុន Guangzhou Automobile Group (GAC)។ ហើយវាក៏ផលិតឡើងពីគ្រោងឆ្អឹង ដូចទៅនឹងរថយន្ត GAC Aion V ដែរ ដោយមានទំហំដូចគ្នា គឺ ប្រវែង ៤ ៥៨៦មីល្លីម៉ែត្រ ទទឹង ១ ៩២០មីល្លីម៉ែត្រ កម្ពស់ ១ ៧២៨មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៨៣០មីល្លីម៉ែត្រ។ Airtrek នេះមានទំហំធំជាង Mitsubishi Outlander ប៉ុន្តែតូចជាង Mitsubishi Eclipse Cross។

រថយន្តអគ្គិសនីខាងលើនេះ ប្រើម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ១៨១សេះ និងកម្លាំងបង្វិល ៣៥០ញ៉ូតុនម៉ែត្រ ហើយអាចបើកបរបានចម្ងាយចន្លោះពី ៥០០ ដល់ ៦៨០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

យ៉ាងណាមិញ សម្រាប់ព័ត៌៎មានលម្អិតផ្សេងទៀតអំពី Airtrek គឺក្រុមហ៊ុន Mitsubishi មិនទាន់បានបង្ហាញនៅឡើយ តែវាត្រូវបានគេរំពឹងថា នឹងចេញលក់នៅក្នុងប្រទេសចិន នៅចុងឆ្នាំ២០២១ នេះតែម្តង៕