Huawei ទទួលកិច្ចព្រមព្រៀងផ្ដល់ប៉ាតង់ផ្គត់ផ្គង់បច្ចេកវិទ្យា 4G បំពាក់លើរថយន្ដឆ្លាតវៃរបស់ Volkswagen

សៀងហៃ៖ កាលពីថ្ងៃពុធ សប្ដាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានប្រាប់ឱ្យដឹងថា Huawei ទើបបានទទួលកិច្ចព្រមព្រៀងមួយជាមួយនឹងក្រុមហ៊ុនរថយន្ដ Volkswagen សម្រាប់បំពាក់បច្ចេកវិទ្យា 4G ភ្ជាប់លើរថយន្ដដែលផលិតដោយក្រុមហ៊ុននោះ។

បន្ថែមពីនេះទៀត ក្រុមហ៊ុនបានបន្ថែមថា កិច្ចព្រមព្រៀងនេះគឺជាសមិទ្ធផលដ៏ធំមួយរបស់ Huawei ដែលទទួលបាននៅក្នុងឧស្សាហកម្មរថយន្ដ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សង្កេតឃើញថា ក្រុមហ៊ុន Huawei បានងាកមកប្រឡូកក្នុងការស្រាវជ្រាវ និងផលិតបច្ចេកវិទ្យានានាដាក់ឱ្យប្រើនៅលើរថយន្ដបន្ថែមពីការផលិតទូរស័ព្ទទំនើបរបស់ខ្លួនបន្ទាប់ពីការដាក់ទណ្ឌកម្មពាណិជ្ជកម្មពីសហរដ្ឋអាមេរិកលើអាជីវកម្មបណ្ដាញណែតវើក និងទូរស័ព្ទស្មាតហ្វូន។

សម្រាប់កិច្ចព្រមព្រៀងថ្មីរវាងក្រុមហ៊ុនទាំងពីរនេះដែរ ក្រុមហ៊ុន Huawei បានបង្ហើបថា ខ្លួនបានទទួលសិទ្ធិផ្ដល់ប៉ាតង់បច្ចេកវិទ្យា 4G ដែលនឹងត្រូវប្រើលើរថយន្ត Volkswagen ជាមួយនឹងប្រព័ន្ធភ្ជាប់ឥតខ្សែ (wireless connectivity)

បន្ថែមពីនេះដែរ ក្រុមហ៊ុន Wolkswagen ក៏បានចេញសេចក្ដីថ្លែងការណ៍មួយដោយនិយាយថា យើងសូមស្វាគមន៍ក្រុមហ៊ុនដែលឈានមុខគេក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យាដែលបានផ្ដល់អាជ្ញាបណ្ណផ្គត់ផ្គង់លើបរិក្ខារដែលមានលក្ខណៈស្ដង់ដារ។ ការផ្ដល់អាជ្ញាបណ្ណនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នេះ គឺជាគំរូមួយនៃការសហការជិតស្និទ្ធប្រកបដោយភាពអភិវឌ្ឍរវាងឧស្សាហកម្មរថយន្ដ និងឧស្សាហកម្មព័ត៌មាន និងគមនាគមន៍ដើម្បីឈានទៅរកភាពជោគជ័យ។

គួររំឭកផងដែរថា សហរដ្ឋអាមេរិកបានចោទប្រកាន់ម៉ាកយីហោ Huawei ថាបានគំរាមកំហែងដល់បញ្ហាសុវត្ថិភាព ដោយប្រទេសមហាអំណាចនេះបានរារាំងក្រុមហ៊ុននេះនៅក្នុងទីផ្សារដ៏ធំរបស់ខ្លួន កាត់ផ្ដាច់រាល់បណ្ដាញផ្គត់ផ្គង់សកល ព្រមទាំងដាក់សម្ពាធដល់សម្ព័ន្ធមិត្តដោយហាមឃាត់ ឬដកចេញនូវបរិក្ខារនានារបស់ Huawei ពីប្រព័ន្ធគមនាគមន៍ជាតិរបស់ពួកគេទៀតផង។

ការចោទប្រកាន់ខាងលើពីសហរដ្ឋអាមេរិកត្រូវបានក្រុមហ៊ុន Huawei ច្រានចោលទាំងស្រុង ដោយបញ្ជាក់ថា សហរដ្ឋអាមេរិកបានចោទប្រកាន់ខ្លួនដោយមិនមានភ័ស្តុតាងសម្អាងត្រឹមត្រូវមកបញ្ជាក់។

ជាការឆ្លើយតបនឹងគំនាបអាជីវកម្មនេះ Huawei ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារបណ្ដាញទូរគមនាគមន៍ដ៏ធំជាងគេរបស់ពិភពលោក និងធ្លាប់ជាកំពូលក្រុមហ៊ុនទូរស័ព្ទមួយក្នុងចំណោមកំពូលទូរស័ព្ទបី បានផ្លាស់ប្ដូរទៅផ្ដោតលើជំនួញផ្នែកផ្សេងទៀតដើម្បីឱ្យក្រុមហ៊ុនរបស់ខ្លួននៅតែអាចដំណើរការបាន។

ក្រៅពីបានងាកពីការផ្គត់ផ្គង់បច្ចេកវិទ្យាទៅដល់ក្រុមហ៊ុនផលិតរថយន្ដឆ្លាតវៃហើយនោះ Huawei បានដាក់ផែនការផ្លាស់ប្ដូរទៅប្រឡូកក្នុងវិស័យផលិតកម្មវិធីកុំព្យូទ័រក៏ដូចជាសហគ្រាស និងបច្ចេកវិទ្យាពពក (cloud computing) ផងដែរ។

កាលពីខែមុននេះដែរ ក្រុមហ៊ុន Huawei ក៏បានបង្ហាញជាសាធារណៈនូវប្រព័ន្ធប្រតិបត្តិការសម្រាប់ទូរស័ព្ទផ្ទាល់របស់ខ្លួន Harmony OS បន្ទាប់ពីការដាក់ទណ្ឌកម្មពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដែលរារាំងមិនឱ្យក្រុមហ៊ុននេះប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ Google លើស្មាតហ្វូនរបស់ខ្លួន៕

ប្រភព៖ AFP