ដឹងថ្ងៃបង្ហាញខ្លួនជាផ្លូវការស្មាតហ្វូនភ្នែកម្នាស់របស់ Nokia

បន្ទាប់ពីក្រុមហ៊ុនជាច្រើនបានប្រកាសនឹងបង្ហាញខ្លួនផលិតផលថ្មីៗជាច្រើននៅក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក MWC 2019 នៅពេលខាងមុន ក្រុមហ៊ុន Nokia ឯណោះវិញ ក៏​បាន​បង្ហើបឲ្យ​ដឹងដែលថា ខ្លួន​ក៏​នឹង​មាន​សមិទ្ធផល​ថ្មី​​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​នេះ​​ដែរ។

តាមរយៈការប្រកាសនេះ Nokia ត្រូវបានទាយទុកថា អាចនឹងដាក់ចេញនូវទូរស័ព្ទភ្នែកម្នាស់ ដែលវាជាកំពូលស្មាតហ្វូនរបស់ Nokia សម្រាប់វាយលុកទីផ្សារឆ្នាំ 2019 នេះ។ ដោយសមាជ MWC 2019 ​នេះ​នឹង​ចាប់ផ្ដើម​ប្រារព្ធ​ធ្វើ​ពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ​នៅ​ឯ​ទីក្រុង​បាសេឡូណា ហើយ​ដំណឹង​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​ផ្ទាល់​ចេញ​ពី​មាត់​ប្រធាន​ផ្នែក​ផលិតផល​របស់ HMD Global នៅ​លើ​បណ្ដាញ​សង្គម Twitter ​ដូច​ការ​លើកឡើង​ខាង​ក្រោម។ ​ដូច្នេះ​ហើយ សាធារណជន​មាន​ការ​រំពឹង​នឹង​បាន​ឃើញ​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់ Nokia ក្នុង​អំឡុង​ព្រឹត្តិការណ៍ MWC 2019 ​ខាង​មុខ ហើយ​ក្នុង​នោះ​អាច​នឹង​មាន​វត្តមាន Nokia 9 ​ផង​ដែរ។

Nokia 9 ​ត្រូវ​គេ​រំពឹង​ថា នឹង​បំពាក់​កាមេរ៉ា​តម្រៀប​ជា​រាង​ពហុកោណ​ អាច​ប្រើ​បច្ចេកវិទ្យា PureView ​និង​មាន​មុខងារ​ Night mode សម្រាប់​ថត​ភ្លឺ​ច្បាស់​ទោះ​នៅ​ទីងងឹត។ ​ម៉ូដែល​ស្តង់ដារ​ត្រូវ​គេ​រាយការណ៍​ថា នឹង​ប្រើ​អេក្រង់ OLED ​ហើយ​បង្កប់​មុខងារ​ស្កេន​ក្រយៅដៃ​ក្នុង​អេក្រង់។ Nokia 9 ​ស្មាតហ្វូន​កាមេរ៉ា​ក្រោយ​ 5 ដែល​ប្រើ​ឈីប S845 ​នឹង​មាន​លក់​ក្នុង​តម្លៃ​ប្រហែល 6000យន់ ឬ​ប្រហែល 885 ដុល្លារ៕