រោងចក្រផលិតទូរទស្សន៍ LG នៅអាហ្រ្វិកខាងត្បូងត្រូវបានដុតបំផ្លាញបន្ទាប់ពីមានកុបកម្ម

ក្រុមហ៊ុន LG អេឡិចត្រូនិច បាននិយាយថា កាលពីថ្ងៃអង្គារ រោងចក្រទូរទស្សន៍របស់ខ្លួននៅអាហ្វ្រិកខាងត្បូងត្រូវបានដុតបំផ្លាញខណៈដែលក្រុមកុបករម្មបានផ្ទុះអំពើហឹង្សានៅទីនោះ។

ក្រុមហ៊ុន LG បាននិយាយថា រោងចក្រផលិត និងចែកចាយទូរទស្សន៍របស់ខ្លួននៅ Durban ភាគខាងកើតនៃប្រទេសអាហ្វ្រិកខាងត្បូងត្រូវបានចូលប្លន់ដោយក្រុមកុបករដែលប្រឆាំងនឹងការជាប់ពន្ធនាគាររបស់អតីតប្រធានាធិបតីលោក Jacob Zuma។

បុគ្គលិកជាន់ខ្ពស់របស់ LG បាននិយាយថា “យើងបានជូនដំណឹងដល់ស្ថានទូតកូរ៉េខាងត្បូង និងបានស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានប្រមូលផ្តុំកម្លាំងរបស់ពួកគេដើម្បីពន្លត់ភ្លើង។ ប៉ុន្តែយើងត្រូវបានគេប្រាប់ថាវាជាការលំបាកក្នុងការបញ្ជូនអ្នកពន្លត់អគ្គិភ័យពេលដែលក្រុមអ្នកតវ៉ាបានស្ថិតនៅកន្លែងនោះ”។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន LG បានប្រាប់ឱ្យដឹងថា មិនមានរបាយការណ៍ស្តីពីគ្រោះថ្នាក់ដល់អាយុជីវិតណាមួយបានកើតឡើងនោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងនេះក៏បាននិយាយបន្ថែមទៀតថា វាពិបាកក្នុងការប៉ាន់ស្មានការខូចខាតទ្រព្យសម្បត្តិពីភាពចលាចលនៅអាហ្វ្រិកខាងត្បូងនោះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន LG បានផ្លាស់ប្តូរទីតាំងរោងចក្ររបស់ខ្លួនពីទីក្រុង Johannesburg ទៅទីក្រុង Durban កាលពីឆ្នាំមុន។ រោងចក្រនៅ Durban របស់ខ្លួនបានផលិតទូរទស្សន៍ និងអេក្រង់ម៉ូនីទ័រ ដែលមានកម្មករប្រហែល 100 នាក់។ (យ៉ុនហាប)

ប្រភព៖ Korea Times