កម្ពុជា បង្កើតប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ(Port EDI)

ក្រសួងសាធារណការ និងដឹកជញ្ជូន បានគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI) ដើម្បីជួយសម្រួលដល់ការធ្វើបែបបទនាវា ចរណ៍ចូល-ចេញឆ្លងកាត់។នេះបើតាមកិច្ច ប្រចាំខែស្ដីពីវឌ្ឍនភាពនៃគម្រោងនេះ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

កិច្ចប្រជុំនេះដឹកនាំដោយ លោក រស់ វណ្ណា រដ្ឋលេខាធិការ និងមានការចូលរួមពីតំណាងអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ តំណាងកំពង់ផែស្វយ័តភ្នំពេញ តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ មន្ត្រីជំនាញ ក្រុមអ្នកបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

តាមរយៈកិច្ចប្រជុំខាងលើ បានឲ្យដឹងថា  រយៈពេលកន្លងមកការបំពេញបែបបទនាវាឆ្លងកាត់ ភ្នាក់ងារនាវាចរណ៍ត្រូវធ្វើឡើងជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយត្រូវចំណាយពេលរង់ចាំយូ មានការលំបាក និងនីតិវិធីស្មុគស្មាញ ហេតុដូច្នេះទើបក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាល បានគិតគូរប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការវិវឌ្ឍន៍ខ្លួនទៅជារាជរដ្ឋាភិបាលអេឡិចត្រូនិក ដើម្បីជួយសម្រួលដល់ការធ្វើបែបបទនាវា ចរណ៍ចូល-ចេញឆ្លងកាត់មានភាពងាយស្រួល ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាព ស្របតាមយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០៕