ក្រៅពី Galaxy S10 ក្រុមហ៊ុន Samsung ក៏ត្រៀមចេញកាសឥតខ្សែថ្មីមានសមត្ថភាពខ្លាំងមួយផងដែរ

ក្រៅពី​ដាក់​សម្ពោធ​ទូរស័ព្ទ Galaxy S10 ក្រុមហ៊ុន Samsung ត្រូវបាន​គេ​ឲ្យ​ដឹងថា អាច​នឹងដាក់​ចេញ​កាស​ឥត​ខ្សែ​ថ្មី​ប្រើ​ស្តង់ដារ Bluetooth 5.0 និង​មាន​ទំហំ​ផ្ទុក​រហូតដល់ 8GB ប្រើ​សម្រាប់​ផ្ទុក​ចម្រៀង ដំណាលគ្នា​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2019 នេះ។

Galaxy Buds នឹងមាន​លេខ​ម៉ូ​ដែល SM-R170 ហើយ​នឹងមាន​ជម្រើស​ពណ៌​ខ្មៅ​ស និង​ពណ៌​លឿង។ Galaxy Buds ត្រូវគេ​រាយការណ៍​ទៀតថា នឹង​កើតមក​ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​កាស​ស្រាប់​ទំហំ 8GB ធំ​ជាង Gear IconX ដែលមាន​ត្រឹម 3.4GB។ នេះ​មានន័យថា Galaxy Buds នឹង​អាច​រក្សាទុក​បទ​ចម្រៀង​ច្រើនជាង IconX ទ្វេដង។ ទោះបី FCC មិនបាន​ឱ្យដឹង​អំពី​ឈ្មោះ​ផ្លូវការ​របស់ Galaxy Buds តែ​វា​អាច​នឹងត្រូវ​បំពាក់​ស្តង់ដារ​តំណ​ភ្ជាប់​ឥត​ខ្សែ Bluetooth 5.0៕