
ឆ្នាំទៅមិញ OPPO ដាក់ចេញទូរស័ព្ទ Find X ប្រើកាមេរ៉ាហូតចេញ ដើម្បីទុកឲ្យអេក្រង់លាតពេញស្អាត ហើយក៏មានក្រុមហ៊ុនចំនួនទៀតយកគំរូបតាមប្រហែលៗគ្នា ប៉ុន្តែឆ្នាំនេះ ក្រុមហ៊ុន Energizer ដែលជាក្រុមហ៊ុនដ៏ល្បីឈ្មោះរបស់សហរដ្ឋអាមេរិក ផ្នែកថាមពលថ្មនោះ បានសម្រេចចូលខ្លួនក្នុងទីផ្សារស្មាតហ្វូន ដោយដាក់ចេញទូរស័ព្ទអេក្រង់លាត បង្កប់ដោយកាមេរ៉ាមុខប្រភេទលោតចេញ (Pop-up) ជំនួសមកវិញ ជាមួយនឹងរូបរាងគួរឲ្យទាក់ទាញមួយបែប។
ស្មាតហ្វូននោះមានឈ្មោះថា Ultimate U620S និង U630S ដែលជាទូរស័ព្ទមួយមានការរចនារូបរាងយ៉ាងទាក់ទាញ និងទាន់សម័យ។ វាទាំង 2 ប្រើនូវមានកាមេរ៉ាភ្លោះលោតឡើងពីតួខ្លួន ជាប្រភេទកាមេរ៉ាភ្លោះ ដោយមួយគ្រាប់មានទំហំ 16MP និងមួយទៀតទំហំ 2MP សម្រាប់ជំនួយលើការថត Portrait ផងដែរ។ ភាពខុសគ្នារវាងស្មាតហ្វូនទាំង 2 នេះគឺថា Ultimate U620S នឹងមានអេក្រង់ទំហំ 6.2 អ៊ីញ អាចបង្ហាញគុណភាពបានកម្រិត Full HD+ (2,280×1,080) ហើយទទួលបានកាមេរ៉ា 3 គ្រាប់នៅផ្នែកខាងក្រោយ (12MP, 5MP និង 2MP) ដំណើរការលើបន្ទះឈីប MediaTek octa-core Helio P70 មានរ៉េមទំហំ 6GB ហើយក៏មានទំហំផ្ទុក 128GB ជាមួយនឹងទំហំថ្ម 3,200mAh ថែមទៀតផង។
ចំណែកឯ Ultimate U630s វីញគឺមានអេក្រង់ទំហំ 6.3 អ៊ីញ អាចបង្ហាញគុណភាពបានត្រឹមតែកម្រិត HD+ (1,480×720) ប៉ុណ្ណោះ ក៏ប៉ុន្ដែបានភ្ជាប់មកជាមួយកាមេរ៉ាភ្លោះនៅខាងមុខដែរ ប្រើប្រាស់ដោយបន្ទះឈីប MediaTek octa-core Helio P22 មានរ៉េមទំហំ 4GB ហើយក៏មានទំហំផ្ទុក 64GB ជាមួយនឹងទំហំថ្មដល់ទៅ 3,500mAh ឯណោះ៕