ដំណឹងល្អ! ខេត្តពោធិ៍សាត់ នឹងមានរោងចក្រផលិតរថយន្ត Ford ឆាប់ៗនេះ

រដ្ឋបាល ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ពិតជាមហាកិត្តិយសក្រៃលែង! ក្រោមម្លប់នៃ «សន្តិភាព» ដែលដឹកនាំដោយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានផ្តល់ជូនកាដូពិសេសសម្រាប់ខេត្តពោធិ៍សាត់ គឺរោងចក្រផលិតរថយន្ត Ford ដែលស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរោងចក្រនេះអាចស្រូបយកកម្លាំងពលកម្មក្នុងស្រុក បានប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។

ជាក់ស្តែង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សា លើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD.។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធនិម្មិត (ZOOM) ដោយបានការចូលរួមពី ឯកឧត្តម ម៉ៅ​ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងគណៈកម្មការអន្តរក្រសួង ស្ថាប័ន របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា៕