
ស្មាតហ្វូន iQOO Z5 អ្នកស្នងត្រកូលថ្មីរបស់គ្រួសារ iQOO បានបង្ហាញខ្លួននៅក្នុងប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ ក្នុងអេក្រង់ទំហំ 6.67 អ៊ីង IPS LCD ផ្ដល់រូបកម្រិត Full HD+ កម្រិត Refresh ដល់ទៅ 120Hz ហើយថែមទាំងគាំទ្ររូបភាពប្រភេទ HDR10 ទៀតផង។
iQOO Z5 នេះ ត្រូវបានផលិតដោយបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 778G ផ្គួបជាមួយនឹង RAM ទំហំ 12GB និងអង្គផ្ទុកក្នុងម៉ាស៊ីនទំហំ 128GB ឬ 256GB។ មិនត្រឹមតែប៉ុណ្ណោះ ទូរស័ព្ទឆ្លាតវៃម៉ូដែលនេះត្រូវបានបំពាក់នូវចរន្ដត្រជាក់ការពារម៉ាស៊ីនមិនឱ្យឡើងកម្ដៅពេលប្រើយូរ។ បន្ថែមពីនេះទៀត ទូរស័ព្ទនេះត្រូវបានបំពាក់ប្រព័ន្ធប្រតិបត្តិការ Android 11 ជាមួយនឹង OriginOS ឬ Funtouch OS 12 សម្រាប់ម៉ូដែលអន្តរជាតិ ជំរុញឱ្យការទាញយក និងតំឡើងកម្មវិធី ឬហ្គេមប្រើប្រាស់បានសម្បូរបែប និងទាន់សម័យ។
ក្នុងនោះដែរ កាមេរ៉ាក្រោយរបស់ទូរស័ព្ទទំនើប iQOO Z5 នេះ ត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់ គឺកាមេរ៉ាក្រោយមានចំនួន 3 គ្រាប់ ដោយកាមេរ៉ាចម្បងមានទំហំ 64 មេហ្គាភិចសែល កាមេរ៉ា ultrawide មានទំហំ 8 មេហ្គាភិចសែល និងកាមេរ៉ា macro មានទំហំ 2 មេហ្គាភិចសែល។ រីឯកាមេរ៉ាមុខសម្រាប់ថតស៊ែលហ្វីវិញនោះមានទំហំ 16 មេហ្គាភិចសែល ផ្សំជាមួយនឹងមុខងារថតរូបផ្សេងៗជួយដល់អ្នកចូលចិត្តថតរូបស្អាតៗមានរូបថតផុសជាប់ជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ មុខងារសុវត្ថិភាពដោះសោដោយប្រើក្រយៅដៃស្កេននៅលើប៊ូតុងបិទបើក ជំរុញឱ្យការដោះសោបានលឿន និងចំណេញពេលវេលា។
ទន្ទឹមនឹងនេះដែរ លើសពីការថតរូប នោះគឺការប្រើទូរស័ព្ទដើម្បីស្ដាប់តន្ត្រីចេញពីទូរស័ព្ទនេះ ជាមួយនឹងប្រព័ន្ធសំឡេងគុណភាពខ្ពស់ Hi-Res Audio ចេញពីរន្ធសំឡេង ផ្ដល់នូវសំឡេងយ៉ាងពិរោះរណ្ដំ និងឮច្បាស់ល្អ។
iQOO Z5 នេះអាចឱ្យលោកអ្នកប្រើស៊ីមកាតបានដល់ទៅ 2 ហើយថែមទាំងអាចគាំទ្រប្រព័ន្ធបណ្ដាញ 5G និង 4G LTE បានទៀតផង។ លើសពីនេះទៀត សម្រាប់លោកអ្នកដែលចូលចិត្តប្រើទូរស័ព្ទពេញមួយថ្ងៃ ច្បាស់ជាពេញចិត្តជាមួយនឹងថាមពលថ្ម 5000mAh និងបច្ចេកវិទ្យាសាកថ្មឆាប់ពេញ 44W ផ្ដល់កម្លាំងប្រើប្រាស់បានពេញមួយថ្ងៃ ព្រមទាំងសាកថ្មចូលបានរហ័សពេញ។
ទូរស័ព្ទឆ្លាតវៃ iQOO Z5 នេះមានបីពណ៌ ដូចជា ស ខៀវក្រមៅ និងពណ៌ខៀវលាយ ដោយមានតម្លៃប្រហែល $293 ដល់ $355 ហើយនឹងចេញលក់នៅក្នុងប្រទេសចិនមុនគេនៅថ្ងៃទី 28 ខែកញ្ញាខាងមុខនេះ៕