
ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានលោក ត្រាំ អ៊ីវតឹក នៅថ្ងៃទី ០៥ កុម្ភៈនេះបាន ស្នើសុំឱ្យធនាគារអភិវឌ្ឍន៍អាស៊ីបន្ដជួយអភិវឌ្ឍន៍ធនធានមនុស្សផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីលើក កម្ពស់បច្ចេកទេសជំនាញឱ្យកាន់តែប្រសើរថែមទៀត។
ការលើកឡើងនេះ ក្នុងជំនួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពិភាក្សាអំពីអាទិភាព សំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងយកចិត្តទុកដាក់ ដើម្បី ត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី។
តាមការចេញផ្សាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បង្ហាញថា លោក ត្រាំ អ៊ីវតឹក បានស្នើឲ្យស្ថានប័ននោះជួយរៀបចំគោលនយោបាយ បទដ្ឋានគតិយុត្តនានា ដើម្បីទ្រទ្រង់ហិរញ្ញវត្ថុឌីជីថល រដ្ឋាភិបាលឌីជីថល E-Commerce ការអភិវឌ្ឍធនធានមនុស្ស ការតភ្ជាប់ឌីជីថល ការពង្រីកវិសាលភាពនៃសេវាប្រៃសណីយ៍ជាដើម គឺជាកិច្ចការសំខាន់ៗ ដែលក្រសួងបាន និងកំពុងផ្តោតការយកចិត្តទុកដាក់។
លោកបន្តថា លោកសុំបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើគម្រោងដែលADB បានអនុវត្តន៍ និងសម្រេចបាននៅក្នុងតំណាក់កាលកន្លងមក ដូចជា គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មនៅជុំវិញតំបន់បឹងទន្លេសាបជាដើម ជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
លោករដ្ឋមន្ត្រី ក៏បានលើកអំពីស្ថានភាពបច្ចុប្បន្ននិងការរីកចម្រើននៃវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ទូរគមនាគមន៍ និងប្រៃសណីយ៍ ដែលបច្ចុប្បន្នបណ្ដាញខ្សែកាប្លិ៍អុបទិកមានប្រវែងជាង៤០.០០០គីឡូម៉ែត្រ ទូទាំងប្រទេស។
លោកស្រី Sunniya Durrani-Jamal នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសកន្លងមក ហើយធនាគារអភិវឌ្ឍន៍អាស៊ីគឺជាដៃគូអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីបានបន្ដថា បេសកកម្មចម្បងមកកម្ពុជានេះគឺដើម្បីជួបពិភាក្សាការងារជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពិភាក្សាការងារនិងប្រមូលធាតុចូលសម្រាប់ការរៀបចំចងក្រងផែនការយុទ្ធសាស្ត្រនៃភាពជាដៃគូ២០១៩-២០២៣ខាងមុខ៕