ក្រសួង កំពុងរៀបចំគោលនយោបាយគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី(EVs)

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងកំពុងរៀបចំគោល នយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី(EVs)នាពេលអនាគត។ នេះជាការថ្លែងឡើងក្នុងកម្មវិធី អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា កាលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០​២១​។

នាឪកាសនោះ លោក ស៊ុន ចាន់ថុល បានលើកឡើងថា រថយន្តដើរដោយថាមពលអគ្គីសនីដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស និងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។

លោកបានគូសបញ្ជាក់ថា៖ ក្រសួងកំពុងរៀបចំគោល នយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី(EVs) និងបានបន្ថែមថាយើងត្រូវ ធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់EVsនៅកម្ពុជា ក្នុងនោះរួមមាន៖ ស្ថានីយ៍សាកអាគុយ កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានា ថាEVs ដែលនាំចូលមកកម្ពុជាមានគុណភាពល្អ។

បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី ក៏បានឱ្យដឹងថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹង កំពុងធ្វើការជាមួយក្រសួងពាក់ព័ន្ធ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំសេចក្តីព្រាងគោលនយោ បាយជាតិស្តីពីការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន២០២២-២០៣១។

ជុំវិញការលើកឡើងនេះដែរ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ដែរថា រដ្ឋាភិបាលអូស្ត្រាលី បាននិងកំពុងផ្តល់គាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលកកើតឡើងវិញយ៉ាងសកម្ម ដែលជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ថាមពលសម្រាប់កម្ពុជា ដោយសហការជាមួយវិស័យឯកជន ហើយតាមការសិក្សាបឋមបានបង្ហាញឱ្យឃើញថាប្រទេសកម្ពុជាមានថាមពលពន្លឺព្រះអាទិត្យ និងខ្យល់យ៉ាងច្រើនដែលជាប្រភពថាមពលកកើតឡើងវិញប្រកបដោយសក្កានុពល និងអាចធានាដល់ប្រសិទ្ធភាពនៃការចំណាយផងដែរ៕