Email បោកប្រាស់កំពុងរាលដាល ចំពោះអ្នកប្រើប្រាស់នៅកម្ពុជា

រាជធានី​ភ្នំពេញ៖ តាម​ការចុះផ្សាយ​របស់​ការិយាល័យ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ (CamCERT)ថិ​ត​នៅក្រោម​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ឲ្យ​ដឹង​កាលពី​កន្លងមកនេះ​ថា Email បោកប្រាស់​កំពុង​រាលដាល ចូលទៅក្នុង​ប្រអប់​សារ​អ្នកប្រើប្រាស់​កម្ពុជា ដែលជា​សញ្ញា​មួយ​នៃ​ការបោកប្រាស់​តាមរយៈ​បច្ចេកវិទ្យា ដែល​វា​ចេញ​មកជា​ទម្រង់ផ្សេងៗ ដែល​អ្នក​គួរ​ប្រុងប្រយ័ត្ន។

សេចក្ដី​ព័ត៌មាន​របស់ CamCERT បាន​ឲ្យ​ដឹងថា ចោរ​បច្ចេកវិទ្យា​តែង​ប្រើប្រាស់​វិធីផ្សេងៗ ដូចជា​ការផ្ញើ​អ៊ី​ម៉ែ​ល​ទៅ​អ្នក ដោយ​បញ្ជាក់ថា អ៊ី​ម៉ែ​ល​ត្រូវបាន​គេ​លួច ដែល​តម្រូវ​ឲ្យ​អ្នកធ្វើការ​ផ្លាស់ប្ដូរ ឬ​ការផ្ញើ​តំណរ Link ពី​ផលិតផល ឬក៏​ការផ្ដល់​សំណាង​ណាមួយ។ ជាមួយគ្នានេះ ដើម្បី​សុវត្ថិភាព៖

  • ការប្រើប្រាស់​ពាក្យ​សម្ងាត់​ដែល​ខ្លាំង (អាច​ចាប់ ពី 8 តួអក្សរ​ឡើងទៅ ដែលមាន​តួអក្សរ​តូច ធំ លេខ និង​និមិត្តសញ្ញា​បញ្ចូល​គ្នា)
  • ប្រើប្រាស់​កម្មវិធី​គ្រប់គ្រង​ពាក្យ​សម្ងាត់ ដើម្បី​ធានាថា​គណនី​និមួយៗរបស់​អ្នកមាន​ពាក្យ​សម្ងាត់​ខ្លាំង ហើយផ្សេងៗគ្នា
  • បើក​មុខងារ​សន្តិសុខ​ពីរ​ជាន់ (Two-Factor Authentication) សម្រាប់​គណនី​ដែល​ត្រូវការពារ
  • អ្នក​ក៏​គួរតែ​បិទ​នូវ WebCam របស់​អ្នក បើសិនជា​អ្នក​មិនបាន​ប្រើប្រាស់​នោះទេ
  • អ្នក​មិនគួរ​ចុះឈ្មោះ ឬ​ប្រើប្រាស់​វេ​ប​សាយ​ណា ដែល​មិនគួរ​ឲ្យ​ទុកចិត្ត ឬ​គ្មាន​ប្រភព​ច្បាស់លាស់
  • មិនគួរ​ទាញយក ឬ​ប្រើប្រាស់​ម្ម​វិធី Creak ដែល​វា​នាំ​ឲ្យ​ពពួក​មេរោគ​ចូល​វាយលុក​កុំព្យូទ័រ៕