
ខណៈដែលពិភពស្មាតហ្វូនកំពុងចាំអ៊ុតមើលការបង្ហាញខ្លួនរបស់ស្មាតហ្វូន ឬប្រភេទថេប្លែតដែលមានអេក្រង់អាចបត់បាន ស្រាបតែកាលពីម្សិលមិញនេះ មានព័ត៌មានមួយបានឲ្យដឹងថា ក្រុមហ៊ុនចិន TCL ដែលគេស្គាល់ថាជាមេក្រុមហ៊ុន BlackBerry និង Alcatel កំពុងសម្ងំផលិតឧបករណ៍អាចបត់បានយ៉ាងតិចចំនួន 5 ស៊េរី ដើម្បីវាយលុកទីផ្សារនឹងគេដែរ នៅឆ្នាំនេះ។
តាមរយៈការចុះផ្សាយពីគេទំព័រ CNET បានឲ្យដឹងថា ក្នុងចំណោមផលិតផលទាំង 5 ស៊េរីអាចមាន 2 ស៊េរីជាប្រភេទថេប្លែត និងមាន 2 ទៀតជាប្រភេទស្មាតហ្វូន ហើយមួយទៀតជាប្រភេទនាឡិកាដែលអាចបត់បាន។
ចំពោះដំណឹងមួយនេះ យើគួរដឹងថាវាពិត ឬអត់នោះទេ ប៉ុន្តែបើតាមអ្វីដែលនាយកប្រតិបត្តិ TCL ធ្លាប់បានលើកឡើង ថានៅឆ្នាំ 2020 ក្រុមហ៊ុននឹងបញ្ចេញឧបករណ៍ដែលមានអេក្រង់អាចបត់បានដំបូងរបស់ខ្លួន ប៉ុន្តែមិនបានបញ្ជាក់ថាជាស្មាតហ្វូន ឬ ថេប្លែតនោះទេ។ យ៉ាងណាមិញ TCL ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុន Android ដទៃទៀត ដែលកំពុងដុតដៃដុតជើងបញ្ចេញស្មាតហ្វូនអាចបត់បាន។ ដូច្នេះ សូមរងចាំមើលថា តើពួកវាពិតជាមានរូបរាងពិតប្រាកដមែន ឬស្ថិតត្រឹមព័ត៌មានចចាមអារ៉ាម!