ខួប១០ ឆ្នាំ ក្រុមហ៊ុន Samsung ទម្លាយ3ម៉ូដែលនៃអំបូរ GalaxyS10

ជាមួយនឹងទូរស័ព្ទស្មាតហ្វូន Galaxy S10 ក្រុមហ៊ុន Samsung បានផ្ដោតសំខាន់ចំពោះការប្រារព្ធខួបលើកទី10 របស់ទូរស័ព្ទខ្លួន នៃជំនាន់ Galaxy S ដែលជាប្រភេទម៉ូដែលទូរស័ព្ទមានរាងធំងាយស្រួលកាន់ និងព័ណ៌ត្រជាក់ដិតច្បាស់ដូចធម្មជាតិ។ តើកម្រិតនៃព័ណ៌ដិតច្បាស់ប៉ុនណាទៅ? ស្មាតហ្វូន Galaxy S10 បានបញ្ចេញរូបរាងថ្មីសន្លាងចំនួន03ម៉ូដែល រួមជាមួយតម្លៃគួរឱ្យទាក់ទាញចាប់អារម្មណ៍ខ្លាំង គឺស៊េរីចុងក្រោយ Galaxy S10E , S10 និង S10 Plus។

+ រូបរាង៖

គ្រប់ម៉ូដែលមុនៗរបស់ Galaxy S សុទ្ធតែមានរូបរាងមូល ប៉ុន្តែនៅជំនាន់ S10 នេះវិញត្រូវបានរចនាថ្មីមានលក្ខណៈជ្រុងជាងមុន ដែលមើលមួយភ្លែតអាចច្រលំនឹងរូបរាងរបស់ Galaxy Note 9។ ផ្ទៃខាងមុខរបស់ S10 លាតសន្ធឹងពេញផ្ទៃអេក្រង់តែម្តង ដោយ Samsung ទុកតែប្រលោះសម្រាប់ដាក់កាមេរ៉ាប៉ុណ្ណោះ ហើយសម្រាប់ S10E និង S10 មានប្រលោះកាមេរ៉ាមុខតែ១គ្រាប់ប៉ុណ្ណោះ រីឯ S10 Plus មានប្រលោះកាមេរ៉ាមុខ២គ្រាប់ជាប់គ្នាតែម្តង។ ចំណែកឯផ្ទៃខាងក្រោយវិញ Samsung បានបន្ថែមកាមេរ៉ារហូតដល់៣គ្រាប់ ដោយដាក់តំរៀបគ្នាជាជួរតែម្តងសម្រាប់ S10 និង S10 Plus ចំពោះ S10E វិញគឺមានកាមេរ៉ាតែ២គ្រាប់ទេ។ ចំណែកឯកន្លែងស្កែនក្រយ៉ៅដៃវិញ គឺត្រូវបានផ្លាស់ប្តូរថ្មី ដោយ S10E ស្កែនក្រយ៉ៅដៃបង្កប់នៅជាមួយនឹងប៊ូតុង Power រីឯ S10 និង S10 Plus វិញគឺ ប្រើប្រាស់បច្ចេកវិទ្យាស្កែនក្រយ៉ៅដៃនៅលើអេក្រង់តែម្តង។

+ អេក្រង់៖

ដោយសារតែ Galaxy S10E ជាស្មាតហ្វូនលំដាប់ថវិកា ដូច្នេះវាបំពាក់ត្រឹមអេក្រង់រាបស្មើរធម្មតា (មិនកោងនោះទេ) ទំហំ 5.8-inch ប្រភេទ Dynamic AMOLED Full HD+ មានកម្រិត Aspect Ratio 19:9 ប៉ុណ្ណោះ ចំណែកឯ S10 ប្រើអេក្រង់កោងទំហំ 6.1-inch និង S10 Plus ទំហំ 6.4-inch ប្រភេទ Dynamic AMOLED Quad HD+ មានកម្រិត Aspect Ratio 19:9 ដូចគ្នា។

+ កម្លាំងម៉ាស៊ីន៖

S10 ទាំង៣ម៉ូដែលនេះរត់លើបន្ទះឈីបកំពូលចុងក្រោយបង្អស់របស់ក្រុមហ៊ុន Qualcomm គឺ Snapdragon 855 ដំណើរការដោយប្រព័ន្ទប្រតិបត្តិការ Android Pie អមដោយ One UI ថ្មីរបស់ Samsung តែ S10E មាន RAM ទំហំ 6GB/8GB និងមានអង្គផ្ទុកទិន្នន័យ 128GB/256GB និងអាចបន្ថែមមេម៉ូរីកាតខាងក្រៅបាន រីឯម៉ូដែលកំពូល S10 និង S10 Plus វិញមាន RAM ទំហំ 8GB/12GB និងមានអង្គផ្ទុកទិន្នន័យ 128GB ដល់ 512GB (និងឡើងដល់ 1TB សម្រាប់ S10 Plus) ព្រមទាំងអស់បន្ថែមមេម៉ូរីកាតខាងក្រៅបានថែមទៀតផង។ S10E មានកម្លាំងថ្ម 3,100mAh ហើយ S10 មានទំហំ 3,400mAh និង S10 Plus មានទំហំដល់ទៅ 4,100mAh។ កាន់តែពិសេសនោះគឺ S10 និង S10 Plus អាចដើរតួជា Power Bank សម្រាប់សាកថ្មឲ្យទូរស័ព្ទផ្សេងទៀត ដោយមិនចាំប្រើខ្សែថែមទៀតផង។

+ កាមេរ៉ា៖

Galaxy S10E មានកាមេរ៉ាក្រោយត្រឹម២គ្រាប់ប៉ុណ្ណោះ ដោយមួយគ្រាប់ទំហំ 12 មេហ្គាភិចសែល សម្រាប់ថតប្លង់ទូលាយធម្មតា និងមួយគ្រាប់ទៀតទំហំ 16 មេហ្គាភិចសែល សម្រាប់ថតប្លង់ទូលាយ ultra-wide រហូតដល់ទៅ 123 ដឺក្រេ ហើយកាមេរ៉ាមុខវិញមានចំនួនមួយគ្រាប់ទំហំ 10 មេហ្គាភិចសែល។ ចំពោះ S10 និង S10 Plus វិញ មានកាមេរ៉ាក្រោយ៣គ្រាប់ដូចគ្នា ដែលទី1 ទំហំ 12 មេហ្គាភិចសែល សម្រាប់ថតប្លង់ទូលាយធម្មតា ទី2 ទំហំ 12 មេហ្គាភិចសែល សម្រាប់ថតរូប Telephoto និងទី 3 មានទំហំ 16 មេហ្គាភិចសែល សម្រាប់ថតប្លង់ទូលាយ ultra-wide រហូតដល់ទៅ 123 ដឺក្រេ។ សម្រាប់ការថតវីដេអូវិញ S10 និង S10 Plus អាចថតបានកំរិត 4K UHD ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ថែមទាំងមានមុខងារទប់រំញ័រ “super steady video” ដើម្បីឲ្យការថតវីដេអូបានល្អមិនញ័រឡើយ។ កាមេរ៉ាមុខវិញ S10 និង S10 Plus មានកាមេរ៉ា 8 មេហ្គាភិចសែលសម្រាប់ថត Selfie ដូចគ្នា ប៉ុន្តែ S10 Plus មានបន្ថែមកាមេរ៉ាមួយគ្រាប់ទៀតទំហំ 8 មេហ្គាភិចសែល សម្រាប់ជំនួយដល់ការថតព្រិលផ្ទៃខាងក្រោយ។

+ តម្លៃ៖

ចំពោះតម្លៃនៅទីផ្សារបរទេសវិញ S10E មានតម្លៃចាប់ពី $749.99 ឡើងទៅ ចំណែកឯ S10 មានតម្លៃចាប់ពី $899.99 និង S10 Plus តម្លៃចាប់ពិ $999.99 ឡើងវិញ៕