ក្រុមហ៊ុនឈានមុខគេពីររបស់អាល្លឺម៉ង់រួមគ្នាគាំទ្រដល់វិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ

ក្រុមហ៊ុន Würth និង Bosch ដែលជាក្រុមហ៊ុនអាល្លឺម៉ង់ដ៏ល្បីល្បាញ បានធ្វើការគាំទ្រដល់វិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ ដោយបានផ្តល់នូវសំភារៈបណ្តុះបណ្តាល និងម៉ាស៊ីនទំនើបៗជាច្រើនសម្រាប់​ ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ អ្នកផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការនេះគឺ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ RED IV របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) និង​ សមាគមសភាពាណិជ្ជកម្មអាល្លឺម៉ង់ (Arbeitskreis Deutsche Wirtschaft – ADW) ។

កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ RED គាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមបណ្តាខេត្តជាច្រើន និងផ្តល់ជំនួយដល់មជ្ឈមណ្ឌលជាមួយអ្នកជំនាញការអាល្លឺម៉ង់។ លោក Stefan Hanselmann ប្រធាន RED បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ការឧបត្ថម្ភឧបករណ៍ ពីក្រុមហ៊ុន Würth និង Bosch គឺជាគំរូដ៏ល្អមួយ ដែលបង្ហាញថាក្រុមហ៊ុនអាល្លឺម៉ង់អាចចូលរួមគាំទ្រយ៉ាងសកម្មដល់ការអប់រំវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា។ ស្របពេលដែលសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរ តម្រូវការសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏មានការកើនទ្បើងផងដែរ»។

សមាគមសភាពាណិជ្ជកម្មអាល្លឺម៉ង់ ADW  គឺជាចំណុចចាប់ផ្តើមដំបូងសម្រាប់បណ្តាក្រុមហ៊ុន និងឈ្មោះពាណិជ្ជកម្មអាល្លឺម៉ង់ ដែលមានបំណងក្នុងការចាប់ផ្តើមប្រទ្បូកក្នុងវិស័យផលិតកម្មចែកចាយ ឬ សេវាកម្ម។ ដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ADW ផ្តល់ជូននូវការយល់ដឹងទូលំទូលាយ និងការចូលទៅកាន់បណ្តាញរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចកម្ពុជាដែលកំពុងលូតលាស់យ៉ាងឆាប់រហ័សដល់សមាជិក និងដៃគូរបស់ខ្លួន។

លោក Tassilo Brinzer ប្រធាននៃសភាពាណិជ្ជកម្មអាល្លឺម៉ង់នៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «យើងពិតជារីករាយដែលម្ចាស់ឧស្សាហកម្មឈានមុខគេទូទាំងពិភពលោក បានធ្វើការគាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ដែលជាការរួមចំណែកយ៉ាងសំខាន់ចំពោះការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។ ការបណ្តុះបណ្តាលអ្នកឯកទេសវ័យក្មេងនៅក្នុងវិស័យសំខាន់ៗដូចជា វិស័យរថយន្ត គឺជាកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលវែង ដែលនឹងទាក់ទាញការវិនិយោគ និងពាណិជ្ជកម្មកាន់តែច្រើន ស្របពេលដែលក្រុមហ៊ុនអាចស្វែងរកកម្មករដែលមានជំនាញ និងសមត្ថភាពច្បាស់លាស់។ យើងរំពឹងថានឹងមានភាពជាដៃគូកាន់តែច្រើននាពេលអនាគត។ ដូចនេះហើយទើបយើងបង្កើតកិច្ចសហប្រតិបត្តិការជាដៃគូពាណិជ្ជកម្មរួមគ្នាជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) កាលពីឆ្នាំមុន»៕