ក្រុមហ៊ុន Jaguar Land Rover សម្រេចនាំចូលរថយន្តមួយទឹកមកលក់ក្នុងទីផ្សារកម្ពុជា លើការធានារយៈពេល ២ ឆ្នាំពីរោងចក្រ

ដោយ​មើលឃើញ​ពី​តម្រូវការ​ប្រើប្រាស់​រថយន្ត​មួយ​ទឹក​ក្នុង​ទីផ្សារ​កម្ពុជា ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ច​ក្រ​ភព​អង់គ្លេស Jaguar Land Rover បានសម្រេច​ប្រកាស​នាំចូល និង​លក់​រថយន្ត​ប្រើប្រាស់​រួច​ម៉ាក Jaguar Land Rover និង Range Rover ដោយមាន​ភ្ជាប់​ជាមួយ​នូវ​ការធានា​រហូតដល់​ទៅ​រយៈពេល ២ ឆ្នាំ បន្ទាប់ពី​បានទទួល​ការពិនិត្យ​លក្ខណៈ​បច្ចេកទេស​យ៉ាងច្បាស់​លាស់​ទៅលើ​ចំណុច​ទាំង ១៦៥ ដោយ​ជាង​ជំនាញ​មានការ​ទទួលស្គាល់​ពី​ក្រុមហ៊ុន Jaguar Land Rover ផ្ទាល់។

ទី១៖លក្ខណៈបច្ចេកទេសសរុប ១៦៥ ចំណុចយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមជាងជំនាញច្បាស់លាស់កម្រិតសញ្ញាប័ត្រខ្ពស់បំផុតដែលទទួលស្គាល់ពីរោងចក្រផ្ទាល់។ ទី២៖ ប្រវត្តិរថយន្ត ដ៏ច្បាស់លាស់ ពោលគឺមិនធ្លាប់មានការបុកប៉ះទង្គិចខ្លាំង និងទី៣៖ ជារថយន្ដដែលមានលក្ខសម្បត្តិដ៏ត្រឹមត្រូវសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងវិញទៀត នេះក៏ជាឱកាសជាពិសេសផងដែរសម្រាប់អតិថិជនដែលបានទិញរថយន្ដពីក្រុមហ៊ុន Jaguar Land Rover Cambodia ផ្ទាល់ ហើយពួកគាត់មានបំណងចង់ប្ដូរយករថយន្ដថ្មី ពួកគាត់ក៏អាចយករថយន្ដចាស់របស់គាត់មកប្ដូរយករថយន្ដថ្មីពីក្រុមហ៊ុផងដែរ។

បើតាមប្រសាស៍របស់លោក Ulf Sebecke ជាប្រធានគ្រប់គ្រងទូទៅផ្នែករថយន្ដ Jaguar Land Rover នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថាដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជននូវរថយន្ដមួយទឹក ទើបក្រុមហ៊ុមផ្ដល់ជូននូវការលក់រថយន្ដមួយទឹកមានគុណភាពខ្ពស់ និងមានការផ្ដល់ការធានារហូតដល់រយៈពេល ២ឆ្នាំទៀតផង។ លោកបានបន្ដថានេះជាសេវាកម្មដ៏ល្អមួយសម្រាប់ជាជម្រើសរបស់អតិថិជនក្នុងការជាវរថយន្ដប្រើប្រាស់រួចដែលមានការធានាបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់តែម្ដង។ រាល់រថយន្ដទាំងអស់ គឺត្រូវបានត្រួតពិនិត្យ និងជុសជួលយ៉ាងត្រឹមត្រូវជាមួយនឹងគ្រឿងបន្លាស់សុទ្ធមានការធានាត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសពីក្រុមហ៊ុន Jaguar Land Rover មុននឹងដាក់លក់ ខណ្ឌៈពេលដែលទីផ្សាររថយន្ដខាងក្រៅពុំមានផ្តល់នូវការធានា (Warranty) ដូចនេះឡើយ។

ចំណែកឯ លោក Garth Turnbull ជាអ្នកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុន Jaguar Land Rover ទទួលបន្ទុកផ្នែករថយន្តប្រើប្រាស់រួចប្រចាំតំបន់អាស៊ីប៉ាស៊ីហិ្វកបានថ្លែងឲ្យដឹងថាកម្មវិធីថ្មីនេះត្រូវបានបង្កើតឡើងដោយមានការស្រាវជ្រាវអំពីអតិថិជនយ៉ាងទូលំទូលាយ ដោយផ្តោតលើការផ្តល់នូវអ្វីដែលអតិថិជនរបស់យើងមានតម្រូវការ ហើយក្រុមហ៊ុន RMA Cambodia សហការជាមួយក្រុមហ៊ុន Jaguar Land Rover ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក​ បានបង្កើតកម្មវិធីនេះ ដើម្បីផ្ដល់ជូនរថយន្ដមួយទឹកដែលមានទំនុកចិត្តក្នុងការប្រើប្រាស់រថយន្ដនៅពេលបច្ចុប្បន្ន និងអនាគត៕