
អេស្ប៉ាញ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក បាននឹងកំពុងប្រជុំទ្វេភាគីជាមួយស្ថាប័ន និងក្រុមហ៊ុនមួយចំនួនដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បីសាកសួរពីស្ថានភាពប្រតិបត្តិការសម្រាប់5G ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។
ការលើកឡើងនេះ ខណៈដែលលោកបានអញ្ជើញចូលរួមក្នុង “មហាសន្និបាតទូរស័ព្ទចល័តពិភពលោកឆ្នាំ២០១៩ (Mobile World Congress 2019-MWC19)” និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។
នៅក្នុងឱកាសចូលរួមមហាសន្និបាតនេះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងបានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយស្ថាប័ន និងក្រុមហ៊ុនមួយចំនួនក្នុងនោះរួមមាន៖ ជំនួបជាមួយតំណាងនៃ GSMA Asia Pacific and Greater China (GSMA APAC) ដោយបានពិភាក្សាគ្នាទៅលើបច្ចុប្បន្នភាពនៃការអនុវត្ត700MHz, មាគ៌ាបង្ហាញផ្លូវសម្រាប់ 5G, ផែនការសម្រាប់ការអភិវឌ្ឍក្របខ័ណ្ឌឯកជនភាពនៃទិន្នន័យ និងគំនិតផ្តួចផ្តើមរបស់អាស៊ាន។
លោកបន្តថា ក្នុងនោះបានប្រជុំតុមូលរៀបចំដោយ Asia Pacific and Greater China (APAC) ដោយមានការចូលរួមពីប្រតិភូមកពីបណ្តាប្រទេសនានានៅក្នុងតំបន់ ដោយផ្តោតលើប្រធានបទ “ឧស្សាហកម្មទូរស័ព្ទចល័តអាចពន្លឿនកំណើនសេដ្ឋកិច្ចឌីជីថល, គោលនយោបាយឌីជីថលជាតិ និងគម្រោងថ្នាក់តំបន់នានាក្នុងក្របខ័ណ្ឌតំបន់អាស៊ី។
ក្នុងដែរ លោក ត្រាំ អ៊ីវតឹក ក៏មានជំនួបជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនធំៗ ដែលមានប្រតិបត្តិការនៅក្នងស្រុកដូចជា ក្រុមហ៊ុន Smart Axiata, Huawei, ZTE, Viettel, Seatel ដើម្បីចែករំលែកព័ត៌មានរវាងគ្នា អំពីចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងដំណោះស្រាយបច្ចេកវិទ្យាទំនើបៗ ដែលក្រុមហ៊ុននីមួយៗមាន ពិសេសគឺបច្ចេកវិទ្យា5G ដែលនឹងត្រូវប្រើប្រាស់នៅពេលខាងមុខ ដែលជាកម្លាំងចលករមួយក្នុងការសម្រេចបដិវត្តឧស្សាហកម្មជំនាន់ទី៤៕