
ភ្នំពេញ ថ្ងៃទី16 ខែមីនា ឆ្នាំ២០១៩៖ ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា ក្នុងព្រឹត្តិការណ៍ ឌីជីថល កម្ពុជា ២០១៩ បានបង្ហាញពីការប្តេជ្ញាចិត្ត និងគោលជំហរយ៉ាងច្បាស់លាស់ក្នុងការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាដើម្បីជួយឲ្យប្រទេសមួយនេះសម្រេចបាននូវគោលដៅឌីជីថលរបស់ខ្លួន។
នៅក្នុងព្រឹត្តិការណ៍ដ៏ធំ និងមិនធ្លាប់មានពីមុនមកនោះ នាយកប្រចាំតំបន់ផ្នែកពង្រីកទីផ្សារនៃក្រុមហ៊ុន អ៊ីដតខូ គ្រុប លោក Phillip Wong បានថ្លែងថា «edotco ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការវិនិយោគទុននៅតំបន់អាស៊ី ហើយបាននឹងកំពុងធ្វើប្រតិបត្តិការជាមួយដៃគូដ៏ រឹងមាំក្នុងការជួយកសាងប្រទេសជាតិលើវិស័យទូរគមនាគមន៍។ យើងបានគាំទ្រដល់ចក្ខុវិស័យ ICT ឆ្នាំ ២០២០ របស់ប្រទេសកម្ពុជា តាមរយៈការផ្តល់ជូននូវសេវាកម្ម និងដំណោះស្រាយតាំងពីចាប់ផ្តើមរហូតដល់បញ្ចប់លើសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដល់អតិថិជន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍រួម នៅក្នុងប្រទេស ហើយក៏ខិតខំរិះរកនូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលមាននៅក្នុងវិស័យនេះផងដែរ។យើងប្តេជ្ញាក្នុងការធ្វើជាដៃគូជាមួយអាជ្ញាធរពាក់ព័ន្ធ រដ្ឋាភិបាល និងប្រតិបត្តិករបណ្តាញទូរស័ព្ទចល័ត ដើម្បីនាំយកមកនូវបច្ចេកវិទ្យាជំនាន់ថ្មី សម្រាប់ការតភ្ជាប់ទំនាក់ទំនង។ ការសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រព័ន្ធ ecosystem គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅក្នុងប្រទេស។»
ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា «រាជរដ្ឋាភិបាល កម្ពុជា មានសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងមានបណ្តាញសេវាគ្របដណ្តប់ ១០០% នៅតំបន់ប្រជុំជន និង ៧០% នៅតំបន់ជនបទ (បណ្តាញអ៊ីធឺណិត ៨០%) នាឆ្នាំ ២០២០ខាងមុខ ហើយការសហការគ្នា និងការចូលរួមយ៉ាងសកម្ម និងជិតស្និទ្ធពីសំណាក់ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធដែលមានជំនាញ គឺជាគន្លឹះដ៏សំខាន់ ដើម្បីធានាថា កម្ពុជាកំពុងស្ថិតនៅលើផ្លូវត្រឹមត្រូវដើម្បីសម្រេចបានគោលដៅដ៏ធំមួយនេះ»។
«តាមរយៈគំនិតផ្តួចផ្តើមរបស់ edotco ក្នុងការនាំមកនូវការតភ្ជាប់តាមរយៈហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនេះ វាពិតជាបានបង្ហាញឲ្យឃើញកាន់តែច្បាស់ ពីការគាំទ្រចំពោះចក្ខុវិស័យ ICT របស់ប្រទេសកម្ពុជា។ យើងនៅតែបន្តរិះរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីពង្រីកបណ្តាញគ្របដណ្តប់ តាមរយៈវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈពិសេស និងល្អ ឥតខ្ចោះដែលនឹងបំពេញបាននូវតម្រូវការនៃការតភ្ជាប់បណ្តាញមួយដ៏ជាក់លាក់»។ សម្រាប់ជំហានទៅមុខជាបន្ត បន្ទាប់ទៀត ប្រតិបត្តិការរបស់ក្រុមហ៊ុនយើង នឹងបន្តផ្តោតលើការកាត់បន្ថយកាបូន ហើយផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធរួមដើម្បីជួយសម្រួលដល់ផែនការយុទ្ធសាស្ត្រ ឌីជីថល នៅក្នុងប្រទេសកម្ពុជា តាមរយៈការរួមបញ្ចូលនូវបច្ចេកវិទ្យាជំនាន់ថ្មីដូចជាប្រព័ន្ធ small cells ប្រព័ន្ធ IBS និងដំណោះស្រាយសម្រាប់ទីក្រុងឆ្លាតវៃជាដើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់របស់កម្ពុជា ចំពោះបច្ចេកវិទ្យា 4G 4.5G និង 5G ។»នេះជាការអះអាងរបស់លោក Phillip។
រៀបចំឡើងដោយវិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ក្រុមហ៊ុន edotco ជាម្ចាស់ឧបត្ថម្ភដ៏ធំមួយនៅក្នុងព្រឹត្តិការណ៍ Digital Cambodia 2019 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែមីនា។ ព្រឹត្តិការណ៍នេះនឹងក្លាយជាជំហានថ្មីមួយឆ្ពោះទៅរកការរៀបចំប្រព័ន្ធសេដ្ឋកិច្ចឌីជីថលសម្រាប់ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះក៏ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសក្តានុពល និងកំណើននៃអាជីវកម្មបច្ចេកវិទ្យាក្នុងស្រុក ក៏ដូចជាបង្កើតបណ្តាញទំនាក់ទំនង និងបណ្តាញអ៊ីនធឺណិតផងដែរ។ ដោយរំពឹងថានឹងមានអ្នកចូលរួមប្រមាណ ២០ ០០០ នាក់ មកពីស្ថាប័នរដ្ឋាភិបាលក្នុងបណ្តាប្រទេសអាស៊ាន ប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា ធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី (startup) អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត៕