
ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា លោក ត្រាំ អ៊ីវតឹក នៅថ្ងៃទី ១៤មីនានេះ បានសំណូមពរស្នើដល់ក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម ជួយបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសបំប៉នចំណេះដឹងផ្នែកសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យារដ្ឋាភិបាលអេឡិចត្រូទិក និងប្រព័ន្ធ 5Gផងដែរ។
ការថ្លែងនេះ កិច្ចប្រជុំទ្វេភាគី និងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ រវាងលោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម នៅទីស្ដីការក្រសួង។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានថ្លែងថា កិច្ចសហប្រតិបត្តិការនេះ គឺជាការពង្រឹងយន្តការដែលមានស្រាប់ក្នុងការសម្របសម្រួលការឆ្លងរំខានក្នុងការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុសម្រាប់ប្រព័ន្ធទូរគមនាគមន៍នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព និងចែករំលែកបទពិសោធន៍ទៅវិញទៅមកលើការអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។
លោកបន្តថា ការចែករំលែកផ្លាស់ប្តូរប្រព័ន្ធសោតទស្សន៍ពី Analog ទៅ Digital ដើម្បីបង្វែរ ហ្វ្រេកង់ស៍វិទ្យុគមនាគមន៍មកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍ដែលមានតម្លៃខាងសេដ្ឋកិច្ចជាង។ ហើយបន្តជំរុញការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា ការតាំងពិព័រណ៍ និងការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកនៅគ្រប់កម្រិតពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស។
លើសពីនេះ លោករដ្ឋមន្ត្រីបានសំណូមពរស្នើដល់ក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាមជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងផ្នែកមួយចំនួនដែលមានភាគីវៀតណាមមានសក្តានុពលដូចជា៖ ១. វិស័យប្រៃសណីយ៍ ក្នុងបរិបទនៃការតម្រង់ទិសឆ្ពោះទៅសេដ្ឋកិច្ចឌីជីថល ២. ពង្រឹងសមត្ថភាពផ្នែកគ្រប់គ្រង និងតាមដានការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុទូរគមនាគមន៍ ៣. បំប៉នចំណេះដឹងផ្នែកសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យា រដ្ឋាភិបាលអេឡិចត្រូទិក និងប្រព័ន្ធ 5G និង៤. ពង្រឹងសមត្ថភាពការងារអធិការកិច្ច និងការធ្វើកោសល្យវិច័យចំពោះបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។
ឆ្លៀតក្នុងឱកាសនោះ ក៏មានការចុះអនុស្សរណៈយោគយល់គ្នារវាងអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយអាជ្ញាធរសន្តិសុខព័ត៌មាន ក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខព័ត៌មានវិទ្យាផងដែរ៕