
ខណៈដែលព្រឹត្តិការណ៍បង្ហាញជាផ្លូវការទូរស័ព្ទ Huawei P30 Pro នៅទីក្រុងប៉ារីស ថ្ងៃទី 26 ខែមីនា ឆ្នាំ 2019 ខិតជិតចូលមកដល់ ស្រាបតែមានព័ត៌មានបែកធ្លាយកាលពីថ្ងៃម្សិលមិញនេះ ចេញពីគេហទំព័រ Amazon ប្រចាំនៅប្រទេសអ៊ីតាលី បានទម្លាយតម្លៃ និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ក្រោយនេះ ធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។
ក្រុមហ៊ុនលក់ Online មួយនេះបានបង្ហោះនូវស្មាតហ្វូននេះនៅក្នុងបញ្ជីរបស់ខ្លួនថា P30 Pro អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 5 ខែមេសាខាងមុខនេះ។ ក្នុងនោះ ជម្រើសដំបូងដែលយើងបានគេ គឺទូរស័ព្ទ P30 Pro ដែលមានទំហំផ្ទុក 128GB ត្រូវបានក្រុមហ៊ុនដាក់លក់ក្នុងតម្លៃ 1028.19 EUR (គិតទាំងពន្ធ) ឬមានតម្លៃប្រហែលជា 1,168 ដុល្លារ។ P30 Pro ត្រូវបានគេបញ្ជាក់ថា នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 980 ដូចទៅនឹងបន្ទះឈីបដែលប្រើប្រាស់នៅលើ Mate 20 Pro ដែរ។
ចំពោះលក្ខណៈសម្បត្តិផ្សេងទៀត ទូរស័ព្ទអាចនឹងមាន Ram ទំហំ 8GB ប្រើថ្ម 4200mAh ប្រើប្រាស់នូវកាមេរ៉ា 4 គ្រាប់នៅខាងក្រោយហើយវាគឺជាប្រភេទកាមេរ៉ា Leica មានទំហំ 40MP primary snapper, 20MP ultra-wide lens, 8MP telephoto lens, និង Time-of-Flight sensor។ កាមេរ៉ានេះមានសមត្ថភាពក្នុងការពង្រីករូបភាព 10x hybrid zoom ហើយវាក៏មានកាមេរ៉ាខាងមុខទំហំ 32MP ។ យ៉ាងមិញ យើងមិនទាន់អាចបញ្ជាក់បានថាពិត ឬមិនពិតនោះទេ លុះត្រាណាមិនទាន់ដល់ថ្ងៃសម្ពោធមកដល់៕