ក្រុមហ៊ុន Xiaomi ត្រៀមហកចូលទីផ្សារអាមេរិក ខណៈ Huawei និង ZTE កំពុងជាប់បម្រាម

បន្ទាប់ក្រុមហ៊ុន Huawei និង ZTE ត្រូវអាមេរិកបិទ​ភ្លើង​ខៀវ និងហាមពលរដ្ឋខ្លួនមិនឲ្យប្រើដែល​ទាក់​ទង​នឹង​បញ្ហា​សុវត្ថិភាពទិន្និន័យផ្ទាល់ខ្លួន និងមានហាងធំៗមួយចំនួនបន្តឈប់លក់ស្មាតហ្វូនរបស់ក្រុមហ៊ុនទាំងនោះ Xiaomi ដែលជាក្រុមហ៊ុនរបស់ចិនដែលហាក់កំពុងបានចិត្ត ហើយចង់បោះជំហានចូលទីផ្សារដ៏ធំមួយ​នេះ​នៅ​ឆ្នាំ​ក្រោយ។

តាមការបញ្ជាក់របស់លោក Wang Xiang ​នាយក​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​ល្បី​ឈ្មោះ​មួយ​នេះ បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​រ៉យទ័រ អំពី​ផែនការ​ឆ្នាំ ២០១៩ របស់លោកថា Xiaomi មាន​បំណង​ចង់​បោះ​ជំហាន​នៅ​លើ​ទីផ្សារ​អាមេរិក។ លោកថា “វាពិតជាមាន​ភាព​ទាក់ទាញ​ខ្លាំង” យើង​នឹង​ចាប់ផ្ដើម​អភិវឌ្ឍ​ឧបករណ៍​របស់​ខ្លួនឲ្យ​ឆ្លើយតប​នឹង​តម្រូវការ​អតិថិជន​នៅ​អាមេរិក។

លោក Xiang ​បាន​ថ្លែង​ថា​ក្រុមហ៊ុន “សង្ឃឹម​ថា ខ្លួន​អាច​ធ្វើ​អ្វី​មួយ” យ៉ាងណា ពេល​នេះ​អ្នក​នាំ​ពាក្យ​របស់​ Xiaomi ​មិន​ទាន់​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ចុងក្រោយ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​សហការ​ណាមួយ​នៅ​អាមេរិក​នៅ​ឡើយ។ ប្រសិន​ជោគជ័យ​នោះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​ទីក្រុង​ប៉េកាំង​នេះ នឹង​រឹតតែ​អាច​ពង្រីក​ទីផ្សារ​ស្មាតហ្វូន​របស់​ខ្លួន​បន្ថែម ក៏​អាច​ជា​ការ​គំរាម​ដល់​ដៃគូ​ប្រកួតប្រជែង​ផង​ដែរ។ យ៉ាងណា ពេល​នេះ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​ស្នើ​បណ្ដា​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ក្នុង​ស្រុក បញ្ឈប់​កិច្ចសន្យា​របស់​ពួក​គេ​ជាមួយ​​ក្រុមហ៊ុន Huawei ​ខណៈ ZTE ​ក៏​កំពុង​ប្រឈម​ភ្លើង​ក្រហម​នៅ​ទីផ្សារ​ចិន បន្ទាប់​ពី​រំលោភ​កិច្ចព្រមព្រៀង ហើយ​ក្រោយ​មក​មិន​ព្រម​សហការ​ជាមួយ​មន្ត្រី​អាមេរិក។ ​តាមរយៈ​ការ​ពង្រីក​ទីផ្សារ​របស់ Xiaomi លើ​ទឹកដី​អាមេរិក ត្រូវ​អ្នក​វិភាគ​លើកឡើង​ថា អាច​នឹង​ជួយ​បង្កើន​ចំណែក​ទីផ្សារ​ស្មាតហ្វូន Xiaomi មួយ​កម្រិត​ទៀត៕