Nokia X71 ចេញលក់នៅចិនតម្លៃប្រហែល $325 ខណៈកម្ពុជា នៅមិនទាន់មានដំណឹង

បន្ទាប់ពី​បង្ហាញខ្លួន​មួយរយៈ​ធំ ពេលនេះ ទូរស័ព្ទ Nokia X71 ដែលជា​ស្មា​ត​ហ្វូ​ន​អេក្រង់​លាត​ធំ 93% មាន​ម៉ូត​ប្រជ្រុយ​លើកដំបូង របស់​ក្រុមហ៊ុន Nokia បានចេញ​លក់​ហើយ​សម្រាប់​ទីផ្សារ​ប្រទេស​ចិន​ក្នុងតម្លៃ​ប្រមាណ 2,199 យ័ន (325 ដុល្លារ) សម្រាប់​ម៉ូ​ដែល 64GB និង​មានតម្លៃ 2,699 យ័ន (400ដុល្លារ) សម្រាប់​កំណែ 128GB ។

Nokia X71 ត្រូវបាន​រចនា​ឡើង​ជាមួយ​រចនាបថ​ស៊ី​វិ​ល័យ​តាម​គេ ជាមួយ​អេក្រង់​ធំ​បែប Infinity-O ដូច Galaxy A8s និង​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Huawei ដែរ លើ​ផ្ទៃ​លាតសន្ធឹង 93% កាត់បន្ថយ​គែម ឲ្យ​នៅ​កាន់​ខ្លី​ទំហំ 6.39 អ៊ី​ញ និង​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត Full HD+។ រូបរាង​ដ៏​ទាក់ទាញ​របស់​នេះ ធ្វើ​ឲ្យ​អ្នកគាំទ្រ​កម្ពុជា ជាច្រើន​ចាប់​មានការ​អារម្មណ៍ និង​ទទ្ទឹង​រង់ចាំ​វត្តមាន​របស់​វា​មកដល់។

​ទូរស័ព្ទ Nokia X71 បាន​បំពាក់​កាមេរ៉ា​ខាងមុខ​ទំហំ 16 មេ​ហ្គា​ភិ​ច​សែ​ល ផ្តល់អោយ​ការថត Selfie កាន់តែ​ប្រសើរ ហើយ​ចំពោះ​កាមេរ៉ា​ខាងក្រោយ​វិញ រឹតតែ​ពិសេស​ថែមទៀត ដោយ​ក្រុមហ៊ុន HMD បាន​តម្លើង​កាណុង​កាមេរ៉ា​ចំនួន 3 គ្រាប់ សហការ​ជាមួយ Zeiss ដដែល មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល រាង​បញ្ឈរ​ចុះ​ក្រោយ ដូច​ជំនាន់មុនៗដែរ ដោយ​គ្រាប់​កាមេរ៉ា​ទី 1 មាន​ទំហំ​ធំ 48 មេ​ហ្គា​ភិ​ច​សែ​ល ជា​កាមេរ៉ា​គោល ឯ​គ្រាប់​កាមេរ៉ា​ទី 2 មាន​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល ជា​លេន Wide សម្រាប់​ថត​ប្លង់​ទូលាយ ហើយ​កាមេរ៉ា​មួយ​គ្រាប់​ចុងក្រោយ គឺមាន​ទំហំ 5 មេ​ហ្គា​ភិ​ច​សែ​ល ជា​សេន​ស័​រ​សម្រាប់​ថតរូប​បែប​ព្រាល។ ក្នុងនោះ វា​ក៏មាន​សេន​ស័​រ សម្រាប់​ស្កេ​ន​ស្នាម​ម្រាមដៃ ស្ថិតនៅ​ផ្នែក​ខាងក្រោយ ក្រោម​កាមេរ៉ា ផងដែរ។

ចំពោះផ្នែកកម្លាំងម៉ាស៊ីន ស្មាតហ្វូននេះ ប្រើប្រាស់បន្ទះឈីប Snapdragon 660, មានរ៉េមទំហំ 6GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 128GB និងអាចបន្ថែមមេម៉ូរីក្រៅបានដល់ទំហំ 256GB។ វាជាផ្នែកមួយរបស់ Android One ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie និងមានថាមពលថ្មទំហំ 3500 mAh ដោយទំហំប៉ុណ្ណេះ ការកំដរការប្រើប្រាស់ទូទៅ ឬលេងហ្គេម បានគួរសមដែរ និងមានដុំសាកថ្មលឿនកម្លាំង 18W នៅក្នុងប្រអប់ថែមទៀត។

ចំពោះតម្លៃ និងថ្ងៃចេញលក់សម្រាប់ទីផ្សារខ្មែរយើង ​នៅ​មិនទាន់​ទទួលបាន​ដំណឹង​ផ្លូវការ​ណាមួយ​ពី​ក្រុមហ៊ុន Nokia ប្រចាំ​កម្ពុជា ក៏ដូចជា​ក្រុមហ៊ុន KTH ដែលជា​តំណាង​ចែកចាយ​ផ្ដាច់មុខ​បង្ហើប​អំពី​គម្រោង​នាំចូល​ស្មា​ត​ហ្វូ​ន​នេះ​មក​ទីផ្សារ​កម្ពុជា យើង​នៅឡើយ​ទេ។ ប៉ុន្តែបើតាមការ​សន្និដ្ឋាន​ស្មាតហ្វូន​នេះ ប្រហែលជាមានសង្ឃឹម មានវត្តមានក្នុងទីផ្សារខ្មែរយើងឆាប់ៗ បើយោងទៅ​តម្លៃ​ចេញ​លក់​នៅ​ចិន ត្រឹម $325 ជាងនេះ ខណៈទីផ្សារយើងអាចថ្លៃជាងនេះបន្តិច៕

ប្រភព៖ Nokia