iOS ជំនាន់ថ្មីជួយឲ្យអ្នកប្រើដឹងថ្ងៃផុតការធានា ហើយក៏ជួយឲ្យអ្នកឈប់ចាញ់បោកអ្នកលក់ទៀតដែរ

បន្ទាប់ពី​មាន​បញ្ហា​មួយចំនួន​លើ​ប្រព័ន្ធ iOS ចាស់ កាលពី​ចុងខែ​មីនា ឆ្នាំ 2019 ក្រុមហ៊ុន Apple បានសម្រេច​បញ្ចេញ​កំណែ​អាប់​ដេ​ត​ថ្មី iOS 12.2 ហើយ ដើម្បី​ជួសជុល កំហុស​បន្តិចបន្តួច លើ iOS 12.1.4 រួម​នឹង​ការនាំយក​រូប Emoji ថ្មី ចំនួន 4 រូប ដូចជា​រូប​ជ្រូកព្រៃ, ត្រី​ឆ្លាម, សត្វ​កវែង និង​សត្វ​ទីទុយ មក​ដា​ក់លើ iOS 12.2 នេះ​ផងដែរ។

ក្រៅពី​ពង្រីង​ទៅលើ​ប្រព័ន្ធ​សុវត្ថិភាព និង​មុខងារ​ជាច្រើន​ទៀត ក្រុមហ៊ុន Apple ក៏បាន​ដាក់ចេញ​នូវ​មុខងារ​ថ្មី​មួយ​លើ iOS 12.2 នេះ ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​អាច​ដឹង​ពី​ពេលវេលា​ផុតកំណត់​នៃ​ការធានា​ថា​សល់​ប៉ុន្មាន​ខែ​ទៀត ព្រម​នឹង​អាច​ឲ្យ​លោកអ្នក​ឈប់​ចាញ់បោក​អ្នកលក់​តាម​ហាង ពេល​ទៅ​ទិញ​ទូរស័ព្ទ​ថ្មី តែ​ត្រូវយក​ទូរស័ព្ទ​មួយ​ទឹក​មក​បន្លំ ខណៈ​អ្នក​មិនអាច​មើល​ដឹង។

ចំណុច​នេះ​មានន័យថា បើសិន​យើង​ទៅ​ទិញ​ទូរស័ព្ទ​ថ្មី​ពី​ប្រអប់ ខណៈ​ទូរស័ព្ទ​នៅ​មិនទាន់ Activate រយៈពេល​នៃ​ការធានា​របស់ Apple គឺ​នៅ​មួយឆ្នាំ​ពេញ មិនទាន់​ត្រូវបាន​កាត់​ផងដែរ។ ករណី​ទិញ​ទូរស័ព្ទ iPhone ថ្មី ប៉ុន្តែ​ស្រាបតែ​ការធានា​នៅសល់​តិច​ខែ នោះ​បញ្ជាក់ថា​ទូរស័ព្ទ​នោះ​ជា​ទូរស័ព្ទ​មួយ​ទឹក ដែល​ត្រូវ​អ្នកលក់​បន្លំ​បោក​ថា​ទូរស័ព្ទ​ថ្មី​ហើយ។

ដើម្បី​ចូលទៅ​ពិនិត្យមើល​ចំណុច​នេះ លោកអ្នក​អាច​ចូលទៅ Setting > General > About > Limited Warranty នោះ​វា​នឹង​លោត​ចេញ​ផ្ទាំង​ដែល​បញ្ជាក់​ពី​ការធានា និង​ពេលវេលា​ពី​ក្រុមហ៊ុន Apple ជាក់​ជាមិនខាន៕