
ក្រោយបែកធ្លាយព័ត៌មានស្ដីពីគម្រោងផលិតស្មាតហ្វូនមានអេក្រង់បត់បានរបស់ក្រុមហ៊ុន Samsung ពេលនេះ ដំណឹងដ៏រសើបនេះ បានលេចរូបរាងបណ្ដើរៗហើយ ក្រោយរូបភាព និងព័ត៌មានជាច្រើនបញ្ជាក់ពីការសមាសធាតុផ្សំសំខាន់ៗរបស់ទូរស័ព្ទនេះ ដូចជាអេក្រង់ និងគំរូថ្មត្រូវបានគេបង្ហើប។
តាមការចុះផ្សាយលើគេទំព័រ ithome បាននិយាយថា ស្មាតហ្វូន Samsung បត់ Galaxy X នឹងប្រើថ្ម រាងកោង និងមានកម្លាំងចន្លោះពី 3000mAh ទៅ 6000mAh នឹងចេញផ្លូវការក្រោយ GS10។ បើតាមសេចក្ដីរាយការណ៍ចុងក្រោយអះអាងថា យ៉ាងយូរ ទូរស័ព្ទ Foldable ទំនើបនេះនឹងត្រូវ Samsung វែកមុខនៅឆ្នាំ២០១៩ មិនខាន។
អេក្រង់របស់ Galaxy X នឹងត្រូវផលិត ហើយបំពាក់លើទូរស័ព្ទបានរួចរាល់នៅដើមឆ្នាំ២០១៩ ខាងមុខ ប៉ុន្តែសមាសធាតុផ្សំបន្ថែមទៀត ក៏ត្រូវការឱ្យមានលក្ខណៈបត់បែន (flexible) ដែរ។ ឧទាហរណ៍ដូចជាថ្ម (battery) ជាដើម។ នេះមានន័យថា battery របស់វា ក៏ត្រូវផលិតឱ្យអាចបត់បានផងដែរ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ។ កម្លាំងថ្មនៅលើ Galaxy X អាចមានចន្លោះពី 3000mAh ទៅ 6000mAh។
សាធារណជនមានក្ដីរំពឹងខ្ពស់ពីវត្តមានរបស់ Galaxy X ដែលនឹងបង្ហាញខ្លួនផ្លូវការអាចមានអេក្រង់សរុប ៧,៣អ៊ីញនៅពេលបើកអេក្រង់ចេញក្នុងមុំរាបស្មើ តែទំហំរបស់វានឹងប្រែទៅជា ៤,៥អ៊ីញនៅពេលអ្នកបត់ចូលទម្រង់ដូចសៀវភៅ។ ថ្មត្រូវបានអភិវឌ្ឍដោយ Samsung SDI និង V-Shaped។ Galaxy X អាចនឹងបង្ហាញខ្លួនក្រោយវត្តមាន Galaxy S10 បន្តិច ហើយនៅពេលចេញលក់ តម្លៃអាចខ្ទង់ជិត ២០០០ដុល្លារ (ប្រហែល ១៨៥០ដុល្លារ)៕