
ថ្មីៗនេះ ក្រុមហ៊ុន OPPO បានបញ្ចេញវីដេអូមួយស្ដីពីការប្ដូរផ្លាស់ទម្រង់ LOGO របស់ខ្លួន អមជាមួយនឹងរូបរាងទូរស័ព្ទ Reno ថ្មីដែលត្រៀមចេញលក់ឆាប់ៗនេះ ប៉ុន្តែអ្វីដែលនៅក្នុងនោះ គឺវាបានបង្កប់អត្ថន័យជាច្រើន។
តាមរយៈវីដេអូនៅលើ Page ផ្លូវការរបស់ OPPO ប្រចាំនៅប្រទេសកម្ពុជា បានឲ្យដឹងថាឆ្នាំ 2019 គឺជាការចាប់ផ្តើមទសវត្សរ៍ទី 2 នៃដំណើរការ ទូរស័ព្ទចល័តរបស់ក្រុមហ៊ុន OPPO។ Logo OPPO ពីមុនមាន Font អក្សររាងស្លីមបន្តិច ប៉ុន្តែចាប់ពីពេលនេះទៅ Logo OPPO ថ្មី បានរចនាចេញមកជា Font អក្សរមូល មានលក្ខណៈសាមញ្ញ និងងាយស្រួលចំណាំ។ ប៉ុន្តែអ្វីដែលកាន់តែទាក់ទាញ ជាងនេះទៀតនោះ គឺវីដេអូផ្លាស់ប្តូរ Logo OPPO ស៊េរីថ្មីនេះ បានបង្កប់នូវគំនិតច្នៃប្រឌិតថ្មី របស់ក្រុមហ៊ុន OPPO ក្នុងការច្របាច់បញ្ជូលគ្នា នៃវប្បធម៌ក្នុងការរស់នៅប្រចាំថ្ងៃ ពីក្រុមមនុស្សគ្រប់ជាតិសាសន៍ ដែលបានបង្ហាញពីភាពរីករាយ របស់ពួកគេនៅក្នុងវីដេអូនោះផងដែរ។
ដោយឡែកបើយោងតាមគេហទំព័រ 91Mobiles បានឲ្យដឹងថាក្រុមហ៊ុនយក្សចិនមួយនេះការបញ្ចេញវីដេអូប្ដូរ LOGO អមជាមួយនឹងទូរស័ព្ទ Reno បានបង្កប់អត្ថន័យលើសពីនេះ ដោយក្រុមហ៊ុននឹងប្រើឈ្មោះ Reno ជំនួសឲ្យត្រកូល F វិញលើទីផ្សារសកលសម្រាប់ថ្ងៃអនាគត។
សេរ៊ី F របស់ក្រុមហ៊ុន Oppo បានចេញផ្សាយដំបូងបង្អស់នាខែមករា ឆ្នាំ 2016 ជាប់ជាស្មាតហ្វូនធុនកណ្តាលដែលមានតម្លៃសមរម្យ ផ្តល់នូវសមត្ថភាពនៃកាមេរ៉ា Selfie ច្បាស់ម៉ត់ល្អ និងវិវត្តរូបរាងបានល្អពីមួយកម្រិតទៅមួយកម្រិត។ ប៉ុន្តែការជំនួសមកវិញនូវត្រកូល Reno ដោយវាបានបំពាក់មកនូវបញ្ចេកវិទ្យាថ្មីៗជាច្រើន ជាក់ស្តែង OPPO Reno 10X Hybrid Zoom។ ដូច្នេះ មានន័យថា ចាប់ពីឆ្នាំក្រោយទៅក្រុមហ៊ុន OPPO នឹងលែងផលិតស្មាតហ្វូនត្រកូល F ទៀតហើយ សូម្បីតែត្រកូល R ក៏ប្រហែលលែងមានដែរ៕
ប្រភព៖ 91Mobiles