
បន្ទាប់ពីមានក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកជាច្រើនសម្រេចផ្ដាច់ទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន Huawei ក្រោយមានការចេញបញ្ជាពីលោកប្រធានាធិបតី Trump ពេលនេះ ក្រុមហ៊ុន Facebook ក៏មានអនុវត្តសេចក្ដីសម្រេចនេះផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters កាលព្រឹកថ្ងៃទី 7 ខែមិថុនា ឆ្នាំ 2019។
សេចក្ដីសម្រេចនេះ គឺជាការវាយប្រហារដ៏ធំចុងក្រោយបំផុត ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិន ខណៈ Huawei កំពុងរកផ្លូវរក្សាជំនួញ ដើម្បីអាចបន្តទិញពីដៃគូជំនួញ ក្រោយមានបម្រាមរបស់សហរដ្ឋអាមេរិក ផ្នែក Hardware និង Software។
ព័ត៌មាននេះ បញ្ជាក់ថាសម្រាប់អតិថិជនដែលកំពុងប្រើទូរស័ព្ទ Huawei ហើយមានបានដំឡើង Facebook រួចហើយ នៅតែអាចប្រើ និងទទួលបានការ Update ធម្មតា ប៉ុន្តែសម្រាប់សម្រាប់ស្មាតហ្វូនថ្មីនឹងមិនត្រូវអនុញ្ញាតឲ្យដំឡើងស្រាប់ (Pre-install )បន្តទៀតបានទេ រួមទាំងកម្មវិធី WhatsApp និង Instagram ផង។
យើងនៅមិនទាន់ដឹងថា នៅពេលបន្ទាប់ តើ Facebook នឹងបញ្ចប់ការប្រើប្រាស់ទាំងស្រុងលើស្មាតហ្វូន Huawei ឬយ៉ាងណានោះទេ ខណៈពេលនេះក្រុមហ៊ុនត្រឹមតែបញ្ចប់ ការដំឡើងកម្មវិធីFacebook មុនលើទូរស័ព្ទថ្មីពីរោងចក្រតែប៉ុណ្ណោះ៕
ប្រភព៖ Reuters