
បន្ទាប់ពីមានព័ត៌មានជាច្រើនទាក់ទងនឹងការផ្អាករបស់ក្រុមហ៊ុន Google និង Facebook ចំពោះទូរស័ព្ទ Huawei ថ្មីៗនេះ ក្រុមហ៊ុន Yako ដែលជាតំណាងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានចេញសេចក្ដីប្រកាសមួយថា ខ្លួននឹងទទួលខុសត្រូវទាំងអស់ចំពោះករណីនេះ ប្រសិនបើរឿងនោះក្លាយជាការពិតមែន។
លោក Jonny នាយកផ្នែកហរិញ្ញវត្ថុរបស់ក្រុមហ៊ុន Yako Technology បានធ្វើសេចក្តីថ្លែងការណ៍ថា“ ប្រសិនបើស្មាតហ្វូនឫថេបប្លេត Huawei ណាមួយ ដែលបានចែកចាយដោយក្រុមហ៊ុនយ៉ាកូ ទាំងម៉ូដែលចាស់និងម៉ូដែលកំពុងមានលក់នៅលើទីផ្សារ មានបញ្ហាក្នុងការប្រើប្រាស់ Facebook, YouTube, Google Gmail, Google Map ក្រុមហ៊ុនយ៉ាកូ នឹងធ្វើការទទួលខុសត្រូវ ចំពោះអតិថិជន។ ប្រសិនបើ បន្ទាប់ពីការត្រួតពិនិត្យ ឫការជួសជុលដោយ ក្រុមហ៊ុនយ៉ាកូ រួចហើយ ប៉ុន្តែស្មាតហ្វូនឫថេបប្លេតនោះ នៅតែមានបញ្ហា ក្រុមហ៊ុនយ៉ាកូ នឹងធានាទិញស្មាតហ្វូនឫថេបប្លេតនោះ ក្នុងតម្លៃដែលក្រុមហ៊ុនបានលក់ជូនអតិថិជន ដោយអតិថិជនគ្រាន់តែបង្ហាញនូវវិក័យប័ត្ររបស់ខ្លួន”។
សេចក្ដីប្រកាសនេះ បន្តាប់ពីក្រុមហ៊ុន Facebook បានបញ្ជាឈប់ឲ្យមានការដំឡើងកម្មវិធីរបស់ខ្លួនមុន (Pre-Install) លើទូរស័ព្ទ Huawei និងសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Google ក្រោយមានការបញ្ជាពីលោក Trump ដោយទុកពេលឲ្យក្រុមហ៊ុនចិននេះ 90 ថ្ងៃ ដើម្បីដោះស្រាយ។ ក្នុងនោះ ប្រសិនបើដល់ថ្ងៃនោះមែនស្មាតហ្វូនរបស់ Huawei នឹងមិនអាច៖
• មិនមានកម្មវិធីផ្លូវការ របស់ក្រុមហ៊ុន Google
- មិនទទួលបានការ Update ដោយផ្ទាល់ពី Google Play store
- មិនទទួលបានការ Update ផ្នែកសុវត្ថិភាពពី Google ទាន់ពេលវេលា
- មិនអាចធ្វើការទាញយក កម្មវិធីគាំទ្រសម្រាប់ Android នានាដូចជា Google Services ជាដើម
យ៉ាងណាមិញ សម្រាប់ប្រិយមិត្តដែលកំពុងប្រើនូវស្មាតហ្វូន ក្រុមហ៊ុន Huawei គឺនៅអាចទទួលបានការ Update នានាពី Google ជាធម្មតា។ ប៉ុន្តែប្រសិនបើ រយៈពេល 90 ថ្ងៃ កន្លងផុតទៅ បើភាពតានតឹង នៅមិនទាន់អាចដោះស្រាយបាន យើងក៏មិនដឹងថា វាទៅជាយ៉ាងណាដែរ៕