
ស្មាតហ្វូនអេក្រង់កប់ មានកម្លាំងម៉ាស៊ីនខ្លាំង រូបរាងមិនខ្ចីដូរតាមគេ Xperia 1 របស់ក្រុមហ៊ុន Sony ពេលនេះបានមកដល់ទីផ្សារកម្ពុជា យើងហើយ ជាមួយនឹងតម្លៃប្រមាណ 980 ដុល្លារ ខុសគ្នាតែបន្តិចប៉ុណ្ណោះពីទីផ្សារស្រុកក្រៅ ខណៈនៅប្រទេសចិន ត្រូវបានកំណត់តម្លៃលក់ 6299 យ័ន ស្មើប្រមាណ 911 ដុល្លារ ហើយនៅអឺរ៉ុបប្រមាណ 1076 ដុល្លារ។
Xperia 1 ជាស្មាតហ្វូនដែលមានចំណុចទាក់ចិត្ត ជាមួយអេក្រង់លាតទ្រវែង សល់គែមកាន់តែខ្លី រក្សាប្រពៃណីមិនចូលបក្ស ដោយអេក្រង់លាតរបស់វា មានទំហំ 6.5 អ៊ីញ ជាប្រភេទ OLED អាចបង្ហាញរូបភាពក្នុងកម្រិត 4K និងមានកម្រិត Aspect Ratio ខ្នាតកុន 21:9។ វាបានបំពាក់ការប្រើប្រាស់នូវកម្លាំងម៉ាស៊ីនខ្លាំង Snapdragon 855 និងជាស្មាតហ្វូនលើកដំបូងសម្រាប់ Sony ដែលបានតម្លើងកាណុងកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់។
កាមេរ៉ាខាងក្រោយរបស់ Xperia 1 គឺមានទំហំ 12 មេហ្គាភិចសែលដូចគ្នា ដោយលេនទី 1 ជាប្រភេទ Super Wide Angel (16mm) ប្រើប្រាស់សេនស័រ 1/2.6” មានកម្រិត Aperture f/1.6 អមដោយ Optical SteadyShot (OIS+EIS) និងមាន Dual Pixel AutoFocus។ ចំណែកលេនទី 2 ជាប្រភេទ Wide Angel (26mm) ប្រើប្រាស់សេនស័រ 1/3.4″ មានកម្រិត Aperture f/2.4 ហើយចំពោះលេនទី 3 វិញ Portrait (52mm) និងជា Telephoto Len មាន 2x Zoom & Ultra-wide Len (16mm) ប្រើប្រាស់សេនស័រ 1/3.4″ ដោយវាមានកម្រិត Aperture f/2.4 ដូចគ្នា។
កម្លាំង Xperia 1 ជាមួយការបំពាក់បន្ទះឈីបខ្លាំង ជាជំនាន់ចុងក្រោយ Snapdragon 855, មានរ៉េមទំហំ 6GB និងមានទំហំអង្គផ្ទុកទិន្នន័យ 128GB ជាពិសេស វាអនុញ្ញាតឲ្យអ្នកជាម្ចាស់របស់វា អាចបន្ថែមមេម៉ូរីក្រៅបាន 512GB។ វាមានកម្លាំងថាមពលថ្មទំហំ 3330mAh និងមានអាវក្រោះការពារទឹក – ធូលី កម្រិត IP68 ផងដែរ។ អេក្រង់ទ្រវែងរបស់ Xperia 1 អាចបែងចែកការបើកប្រើកម្មវិធីបានម្តង 2 ក្នុងពេលតែមួយថែមទៀត។ សម្រាប់ទីផ្សារស្រុកយើង ស្មាតហ្វូនលំដាប់កំពូល នេះមានជម្រើស 4 ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ស្វាយ, ពណ៌ខ្មៅ, ពណ៌ប្រាក់ និងពណ៌ស ដែលលោកអ្នកអាចរកបាននៅហាង 2 នៅភ្នំពេញ គឺហាង សុខ លី និងគួង អ៊ី៕