RMA Cambodia សម្ពោធ “មជ្ឈមណ្ឌលបណ្តុះ បណ្តាលបច្ចេកទេស អ អិម អេ” នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម

ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែលជា​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ គ្រុប (RMA Group) បានធ្វើការ​ប្រារព្ធ​ពិធី​សម្ពោធ និង​ប្រគល់ “មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេក ទេស អ អិ​ម អេ” ទៅដល់​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម កាលពី​ថ្ងៃទី 06 ខែមិថុនា ឆ្នាំ ២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ មជ្ឈមណ្ឌល​បណ្តុះបណ្តាល បច្ចេកទេស អ អិ​ម អេ ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ជុស​ជុល និង​ថែទាំ​រថយន្ត Ford និង Jonh Deere ត្រាក់ទ័រ ដែល​ត្រូវបាន​បង្កើតឡើង​សម្រាប់​ប្រើប្រាស់​ក្នុងការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ដែលមាន​ទីតាំង​ស្ថិតនៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ (ជិត​វត្ត​ទឹកថ្លា)។

ក្រុមហ៊ុន អ អិ​ម អេ បានធ្វើការ​ឧបត្ថម្ភ និង​គាំទ្រ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​នេះ​ឡើង ដោយ​ធ្វើការ​ជួសជុល និង​កែលំអរ​រោង​ជាង​ទាំងមូល ព្រមទាំង​បំពាក់​នូវ​ម៉ាស៊ីនត្រជាក់ គ្រឿង​បរិក្ខា​សម្រាប់​សិក្សា និង​គ្រឿង​តុបតែង​លំអរ រថយន្ត Ford មួយគ្រឿង ត្រាក់ទ័រ John Deere ពីរ​គ្រឿង និង​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​នានា សម្រាប់​ផ្ដល់ឱកាស​ដល់​សិស្ស និស្សិត​សិក្សា​រៀនសូត្រ ហ្វឹកហាត់​ការងារ​ដោយ​អនុវត្ដ​ន៍​ផ្ទាល់​ជាមួយ​អ្នកជំនាញ​បច្ចេកទេស និង​គ្រូ​បង្គោល​របស់​ក្រុមហ៊ុន អ អិ​ម អេ តាមរយៈ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ក្រុមហ៊ុន អ អិ​ម អេ និង​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម។

លោក ង​ន សាំង អគ្គនាយក ក្រុមហ៊ុន RMA Cambodia បាន​មានប្រសាសន៍ថា៖ “ថ្ងៃនេះ ខ្ញុំ​មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ និង​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស អ អិ​ម អេ  ជាមួយ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ដាក់ជូន​ប្រើប្រាស់   បណ្តុះបណ្តាល ក្នុង​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ។ ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន អ អិ​ម អេ បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង ៥០ម៉ឺន​ដុល្លារ សម្រាប់​ការវិនិយោគ​លើ​ការបណ្ដុះបណ្ដាល​បច្ចេកទេស និង​ជំនាញផ្សេងៗដល់​បុគ្គលិក និង​សិស្ស​និស្សិត​តាម​សាលា​បច្ចេកទេស​នានា។ តាមរយៈ​ការវិនិយោគ​ទៅលើ​វិស័យ​ធនធានមនុស្ស​នេះហើយ​ដែលជា​កត្តា​ជុំរុញ​ឲ្យ​កកើតឡើង​នូវ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេកទេស អ អិ​ម អេ នេះ​លេចចេញ​ជា​រូបរាង​ឡើង។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស អ អិ​ម អេ នេះ នឹង​ក្លាយជា​មជ្ឈមណ្ឌល​មួយ​ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​ផ្នែក​បច្ចេកទេស​យានយន្ត និង​គ្រឿងចក្រ”

លើសពីនេះទៅទៀត គម្រោង​សាងសង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល បច្ចេកទេស អ អិ​ម អេ​នេះ​ទទួល​បានការ​ជ្រោមជ្រែង​យ៉ាងខ្លាំង​ពី​សំណាក់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាមរយៈ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម។

ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​បណ្តុះបណ្តាល បាន​មានប្រសាសន៍ថា៖ “តាមរយៈ​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​បច្ចេកទេស អ អិ​ម អេ ដែល​បាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ថ្ងៃនេះ ខ្ញុំ​ជឿជាក់ថា​នឹង​ក្លាយជា​មជ្ឈមណ្ឌល​មួយ​ដែល​ចូលរួម​យ៉ាងសកម្ម ក្នុងការ​បណ្តុះបណ្តាល​ប​ច្ចេកទេស​នៅ​កម្ពុជា ដែល​ផ្តល់នូវ​សេវា​បណ្តុះបណ្តាល​តាមរយៈ​វិធាន​ឆ្លាស់ ក្នុងន័យនេះ​ការបណ្តុះបណ្តាល​ត្រូវបាន​រៀបចំឡើង​ដោយមាន​ការសហការ​ចូល​រូ​ម រវាង​មជ្ឈមណ្ឌល និង​រោង​ជាង​ផ្ទាល់​របស់ ក្រុមហ៊ុន RMA Cambodia ដែល​កំពុង​ដំណើការ​យ៉ាងសកម្ម​នៅ​កម្ពុជា។ ជាងនេះទៀត មជ្ឈមណ្ឌល​នេះ​និង​អាច​ក្លាយទៅជា​មជ្ឈមណ្ឌល​ឧត្តមភាព ដែល​ចូលរួម​គ្រប់​សកម្មភាព​អភិវឌ្ឍន៍​ធនធាន មនុស្ស​នៅ​កម្ពុជា” លោក​ក៏បាន​កោតសរសើរ​ដល់​ក្រុមហ៊ុន Ford និង ក្រុមហ៊ុន RMA Cambodia ដែល​បាន​ចំណាយធនធាន​យ៉ាងច្រើន​ក្នុងការ​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ចូលរួមចំណែក​ក្នុង​កសាង​ធនធាន មនុស្ស​នៅ​កម្ពុជា​ផងដែរ។

ក្រៅពី​ការវិនិយោគ​ទៅលើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ក្រុមហ៊ុន RMA Cambodia ក៏បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​មនុស្សធម៌ និង​កិច្ចការ​សង្គម​នានា​ដូចជា ការផ្តល់​មួកសុវត្ថិភាព ការសម្អាត​ទីក្រុង ការដាំ​កូនឈើ ការសាងសង់​សាលារៀន បណ្ណាល័យ អណ្ដូង​ទឹកស្អាត ការផ្ដល់​បង់​អង្គុយ និង​ធុងសំរាម​នៅតាម​សួនច្បារ​សាធារណៈ ការបរិច្ចាគ​ឈាម និង​ការផ្ដល់​មូលនិធិ​គាំពារ​ដល់ក​បាទ​ក្រហម​កម្ពុជា និង​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ជាដើម។