Motorola អាចនឹងបញ្ចេញស្មាតហ្វូនបំពាក់កាមេរ៉ាក្រោយ 4 គ្រាប់ ដើម្បីបានលិឋនឹងគេខ្លះ

បន្ទាប់ពីចូលទីផ្សារមួយរយៈនៅតែមិនសូវទទួលបានការគាំទ្រ ថ្មីៗនេះ មានដំណឹងមកថា ក្រុមហ៊ុន Motorola អាចនឹងបញ្ចេញស្មាតហ្វូនស៊េរីថ្មីបំពាក់កាមេរ៉ាក្រោយមានរហូតដល់ 4 គ្រាប់ រចនាបែប 4 ជ្រុង ដើម្បីអាចប្រជែងនឹងដណ្ដើមទីផ្សារមកវិញខ្លះ។

តាមរយៈរូបភាបបែកធ្លាយនោះ បញ្ជាក់ថា ស្មាតហ្វូនប្រើកាមេរ៉ា 4 គ្រាប់នោះ នឹងត្រូវបានក្រុមហ៊ុន​ឲ្យឈ្មោះថា Motorola One Pro ដោយអេក្រង់របស់វាប្រើប្រាស់ការឌីហ្សាញបែប ម៉ូតដំណក់ទឹក នៅផ្នែកកាមេរ៉ា Selfie និងថែមទាំងអាច ស្កេនស្នាមម្រាមដៃ នៅលើអេក្រង់បានផងដែរ។

Motorola One Pro អាចមានអេក្រង់លាតធំ បន្សល់គែម កាន់តែខ្លី និងមានស្នាមអុចដោយម៉ូត ឆក​តំណក់ទឹក ជាកន្លែងបំពាក់កាមេរ៉ាមុខ សម្រាប់ការថត Selfie។ ចំណែកកាណុងកាមេរ៉ា ខាង​ក្រោយ​វិញ គឺមានសរុបចំនួន 4 គ្រាប់ ដែលកាមេរ៉ាគោល អាចមាន ទំហំ 48 មេហ្គាភិចសែល មាន OIS លើលេនចំនួន 2 គ្រាប់ ដោយកាមេរ៉ាទាំងអស់ ស្ថិតក្នុង តំបន់ជាមួយគ្នា ជាមួយ Flash LED មួយគ្រាប់ ស្ថិតនៅក្រៅតំបន់ ជួរខាងក្រៅនៃកាមេរ៉ា។

ស្មាតហ្វូននេះ អាចមានអេក្រង់ទំហំ 6.2 អ៊ីញ មានវិមាត្រ 158.7 x 75 x 8.8 មីលីម៉ែត្រ និងកម្រាស់ 9.8 មីលីម៉ែត្រ (បូកបញ្ចូលរួមទាំងកាមេរ៉ា)។ លើសពីនេះ វាអាចប្រើប្រាស់រន្ធសាកថ្ម ប្រភេទ USB-C និងនៅតែបន្តការប្រើ រន្ធដោតកាស 3.5 មីលីម៉ែត្រ ដោយក្រុមហ៊ុននេះ នៅតែមិនព្រមបោះ​បង់ចោល ដូចក្រុមហ៊ុនដទៃឡើយ។ តាមប្រភពដដែល បានបញ្ជាក់ថា ស្មាតហ្វូននេះ អាច​នឹង​មាន​ជម្រើសពណ៌ចំនួន 3 គឺ Dark purple, Dark bronze និង Black។ ដោយឡែកថ្ងៃបង្ហាញ នៅមិ​ន​ទាន់​មានបង្ហើបនៅឡើយទេ៕