ASUS ប្រកាសចេញស្មាតហ្វូន ៣ ម៉ូឌែល បំពាក់ថ្មខ្លាំងមកកាន់ទីផ្សារកម្ពុជា

ក្រោយស្ងាត់ក្នុងទីផ្សារមួយរយៈដោយផ្ដោតខ្លាំងតែទៅលើទីផ្សារកុំព្យូទ័រ កាលពី​ថ្ងៃទី 13 ខែកក្កដា នេះ ក្រុមហ៊ុន ASUS បានធ្វើ​បទ​បង្ហាញ​ពី​ផលិតផល​ថ្មី​ចំនួន 3 ម៉ូ​ឌែល មកកាន់ទីផ្សារ​ប្រទេស​កម្ពុជា មានសមត្ថភាពខ្លាំង តម្លៃសមរម្យ ជាពិសេសបំពាក់នូវថាមពលថ្មខ្លាំង សម្រាប់ផ្គាប់ចិត្តអ្នកដែលមានតម្រូវការប្រើប្រាស់ច្រើន។

លោក Robert Tu ​អ្នកគ្រប់គ្រង​ផលិតផល​ម៉ាក​ទូរ​សព្ទ័​ដៃ ASUS ប្រចាំ​ប្រទេសកម្ពុជា បានឲ្យដឹងថា៖ ស្មា​ត​ហ្វូ​ន​ដែលក្រុមហ៊ុននាំមកសម្រាប់ទីផ្សារកម្ពុជា នៅពេលនេះរួមមានទូរស័ព្ទ ASUS Zenfone Max Pro M1, Zenfone 5 និង Zenfone 5z ។ ស្មាតហ្វូនទាំង ៣ ត្រូវបានបង្កើតឡើងមានលក្ខណៈសម្បត្តិផ្សេងគ្នា តម្លៃផ្សេងគ្នា ដែលអ្នកមានថវិកាល្មមៗអាចសម្រេចចិត្តទិញប្រើបាន។  ក្នុងចំណោមទូរស័ព្ទទាំង ៣ Zenfone Max Pro M1 គឺជា​ម៉ាក​សញ្ញា​ផលិតផល​មួយ​របស់ ASUS ដែល​បានចេញ 4 ជំនាន់​ មិនដែល​ធ្វើឲ្យ​អ្នកប្រើប្រាស់​ខកចិត្ត​ម្តងណា​ឡើយ ជាពិសេស គឺ​សមត្ថភាព និង​តម្លៃ។

លោក​បាន​បន្តថា Zenfone Max Pro M1 ធ្វើតាម​សិស្ស​ច្បង​ជំនាន់មុនៗដូចគ្នា គឺ​ពិតជា​ពិសេស សម្រាប់​អ្នកប្រើប្រាស់ ដែលមាន​ចំណូល​មធ្យម ដែល​ចង់បាន ទូរ​សព្ទ័​ដៃល្អ​មួយក្នុងការ​ប្រើប្រាស់ទាំង​អេក្រង់ រូបរាង ហើយ​ជាពិសេស​នោះ គឺ​សមត្ថភាព​ធ្វើការ​បាន​លឿន ប្រើប្រាស់​ធ្វើការ​ងារ​បាន​ច្រើន​មុខ មិន​ងាយ​គាំង និង​មាន​ថ្ម​ប្រើប្រាស់​បានយូរ ដែល​មុខងារ​និង​តំរូវការ​ទាំងនេះ​គឺ​ត្រូវបាន​ភ្ជាប់​នៅលើ Zenfone Max Pro M1 នេះ​រួចជាស្រេច ដែល​ធ្វើឲ្យ​អ្នកប្រើប្រាស់អស់​កង្វល់ទៅលើ​បញ្ហា​ទាំងនោះ​ទៀតហើយ។

Zenfone Max Pro M1 គឺមាន​លក្ខណៈសម្បត្តិពិសេសៗជាច្រើន ដូចជា វា​ត្រូវបាន​បំពាក់​ដោយ CPU ប្រភេទ Snapdragon 636 ដែលមាន​សមត្ថភាព​ខ្ពស់ ក្នុង​ការធ្វើការងារ​ប្រចាំថ្ងៃ បាន​ច្រើន​មុខ ក្នុងពេល​តែមួយ ហើយ​អាច​លេង​ហ្គេម យ៉ាង​រលូន​ទៀតផង ហើយ​ពិសេស​ជាងនេះទៅទៀត​គឺ វា​ត្រូវបាន​បំពាក់​ដោយ​ថ្ម​ទំហំ​ធំ ដល់​ទៅ 5000mah ដែល​លោក​បាន​សង្កត់ធ្ងន់ថា វា​អាច​ប្រើប្រាស់​មើល​វីដេអូ នៅលើ Youtube ដល់​ទៅ 17 ម៉ោង ឯណោះ ហើយ​ចំពោះ​ការលេង​ហ្គេម Online ដែល​កំពុង​ពេញនិយម​ដូចជា Rule of Survival វិញ​គឺ​បាន​ដល់​ទៅ 9 ម៉ោង ។

ម្យ៉ាងវិញទៀត ទូរ​សព្ទ័​ដៃ​នេះ គឺមាន​អេក្រង់​ស្ទើ​លាត​ដែលមាន​ទំហំ 6 អ៊ីង ហើយ​អាចធ្វើ​ការបង្ហាញ​ក្នុង​កម្រិត Full HD+ តែ​វា​ពិតជា​ងាយស្រួល​មែនទែន ក្នុងការ​ចាប់​កាន់ ព្រោះតែ​វិស្វករ​របស់​ពួកយើង បាន​ប្រើប្រាស់ រូបរាង​ទូរ​សព្ទ័​ទំហំ 5.5 អ៊ី​ញ ជំនួស​វិញ ដែល​ចំណុច​នេះ​ធ្វើអោយ​បទពិសោធន៍​អ្នក ប្រើប្រាស់​កើន​ឡើ​ន​មួយកម្រិត​ទៀត “ លោក Robert បាន​ថ្លែង​ដូច្នេះ ។

លោក​ក៏បាន​បន្តទៀត​ដែរ​ថា “ កា​ម៉េ​រា​គឺជា​រឿង​សំខាន់​មួយ​ដែរ សំរាប់​អ្នកប្រើប្រាស់ បច្ចុប្បន្ន ដោយ​លើក​នេះ​គឺ Zenfone Max Pro M1 គឺ​បាន​ផ្តល់នូវ​កា​ម៉េ​រា​ចំនួន​ពីរ នៅ​ខាងក្រោយ​ដែលមាន​ទំហំ 13MP និង​នៅខាងមុខ​គឺមាន​ទំហំ 8MP ដែល​អាចធ្វើ​ការចាប់យក​រូបភាព បាន​ដិត​ច្បាស់ ហើយ​ព្រមទាំង​មានមុខ​ងារ ថត​បែប bokeh ដែល​កំពុង​ពេញនិយម​ក្នុងពេល​បច្ចុប្បន្ន​ផងដែរ “ ។ ចំពោះទូរស័ព្ទ Zenfone 5 មាន​តម្លៃ 349$ និង Zenfone 5Z ដែលមាន​តម្លៃ 500$ ហើយ Zenfone Max Pro M1 មាន​តម្លៃ​សមរម្យ​មែនទែន​ត្រឹមតែ 179$៕