ដឹងតម្លៃស្មាតហ្វូនកាមេរ៉ាត្រលបដំបូងគេរបស់ Samsung ពេលចេញលក់នៅខ្មែរ

បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល​ជា​យូរ ពេលនេះ​មាន​ដំណឹង​នៃ​ការចេញលក់​ទូរស័ព្ទ Galaxy A80 សម្រាប់​ទីផ្សារ​កម្ពុជា យើង​ហើយ​នេះ បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន Samsung នៅ​ស្រុក​យើង ហើយ​ចំពោះ​តម្លៃ​វិញ Admin មិនទាន់​ច្បាស់ 100% ទេ ប៉ុន្តែ​វា​អាច​នៅ​ចន្លោះ 600$ ទៅ 700$ ហើយ​អាច​នឹងមាន​លក់​នៅ​ដើមខែ​ក្រោយនេះ។

Galaxy A80 ជា​ស្មា​ត​ហ្វូ​នទី 1 ដែល​បំពាក់​ម៉ូត​អេក្រង់​ចុងក្រោយ​គេ និង​ប្រើ​កាមេរ៉ា​ត្រលប​ពីក្រោយ​មក​ខាង​មុន ករណី​ចង់​ថត​ដោយ​ប្រើ​កាមេរ៉ា​មុខ។ វា​ចំនុច​ទាក់ចិត្ត​បំផុត​ចំពោះ​ការ​រចនា​ម៉ូត​កាមេរ៉ា​មុខ​រហូត​ចេញពី​តួខ្លួន និង​ផ្ទៃ​អេក្រង់​លាត​ស្ទើរតែ​គ្មាន សល់​គែម​បាន យ៉ាង​ទាក់ទាញ។ ទូរស័ព្ទ​នេះ មាន​អេក្រង់​ទំហំ 6.7 អ៊ី​ញ អាច​បង្ហាញ​រូបភាព ក្នុង​កម្រិត FHD+ ជា​ប្រភេទ Super AMOLED ដោយ​ក្រុមហ៊ុន​ឲ្យ​ឈ្មោះថា New Infinity ហើយ​ផ្នែក​ខាងក្រោយ ប្រើ​ជា​កញ្ចក់ 3D Glass ព័ទ្ធជុំវិញ ដោយ​វ័​ន្ធ​ធ្វើ​ពី​លោហៈធាតុ អញ្ចឹង​វា​បង្កើន​សម្រស់ អោយ​មើលទៅ កាន់តែ​ថ្លៃថ្នូរ (Premium) នៅក្នុង​ដៃ​បន្ថែមទៀត។

ចំនុច​សំខាន់​ជាងគេ គឺ​ទៅលើ​កាមេរ៉ា​របស់​វា​ហ្នឹងឯង ដោយ Samsung បាន​រចនា​យ៉ាង​ពិសេស​តែម្តង ជាមួយ​កាណុង​កាមេរ៉ា​ចំនួន 3 គ្រាប់ ដើរតួ​ជា​កាមេរ៉ា​ខាងមុខ​ផង កាមេរ៉ា​ខាងក្រោយ​ផង និយាយ​ទៅ ក្រឡាប់​ទៅវិញទៅមក ដូច​ការបើក​ភ្នែក​ម្ខាង បិទ​ភ្នែក​ម្ខាង អញ្ចឹង​ឯង និង​មាន​រំលេច​ឆ្នូត​រង្វង់​ពណ៌​មាស ព័ន្ធ​ជុំវិញ។ វា​មាន​កាមេរ៉ា​គោល​ទំហំ 48 មេ​ហ្គា​ភិ​ច​សែ​ល មាន​កម្រិត Aperture f/2.0 និង​មានមុខ​ងារ​ទប់​លំនឹង Super Steady Mode ដូច​មាន​លើ S10 ដែរ។

កាមេរ៉ា​មួយគ្រា​ប់​ទៀត មាន​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល ជា​លេន Ultra-wide angle អាច​ថត​វីដេអូ​ក្នុង​ប្លង់​ទូលាយ​បាន 123 ដឺ​ក្រេ និង​អាច​ថតរូប Selfie ជាមួយ​មិត្ត​ភ​ក្កិ ឬ​បងប្អូន បាន​ចំនួន​ច្រើន​នាក់។ កាមេរ៉ា​មួយ​ចុងក្រោយ​គេ ជា​ប្រភេទ ToF ផ្តល់អោយ​ការថត​ព្រាល បាន​កាន់តែ​ពិសេស រួមបញ្ចូល​មុខងារ Live Focus ថែមទៀត។ អ្នកនឹង​ឃើញ​មុខងារ មួយទៀត​គឺ Era of Live ដែល​អាច​ឆ្លាស់ កាមេរ៉ា​ទៅមក មុខក្រោយ​បាន ពេល​ថត​វីដេអូ។

ស្មា​ត​ហ្វូ​ន​នេះ មាន​កម្លាំង​ថាមពល​ថ្ម​ទំហំ 3700mAh អាច​ទ្រទ្រង់​កម្លាំង​សាក​បាន 25W ប៉ុន្តែ​សោកស្តាយ​មួយ វា​មិនអាច​សាក​ថ្ម ឥត​ខ្សែ​បានទេ។ ចំនុច​មួយទៀត គឺ​វា​ដំណើរការ ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 9 Pie និង​មាន​ស្រោប One UI ថ្មី ធ្វើឲ្យ​អ្នក​ប្រើ កាន់តែ​ពេញចិត្ត៕